(បរទេស)៖ ថ្មីៗនេះក្រុមហ៊ុន Google ដែលជាបុត្រសម្ព័ន្ធរបស់ Alphabet បានចុះកិច្ចព្រមព្រៀងវិនិយោគរហូតដល់ ២ពាន់លានដុល្លារជាមួយនឹងក្រុមហ៊ុនបញ្ញាសិប្បនិមិត្ត (AI) Anthropic ដែលត្រូវបានគេស្គាល់ថាជាដៃគូប្រកួតប្រជែងដ៏ខ្លាំងជាមួយនឹង OpenAI និងជាក្រុមហ៊ុនបង្កើតគំរូភាសាធំៗ (LLMs) និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតឈានមុខគេផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣។

អ្នកនាំពាក្យ Google បាននិយាយថា កិច្ចព្រមព្រៀងតម្លៃ ២ពាន់លានដុល្លាររវាងក្រុមហ៊ុន Google របស់ខ្លួន និង Anthropic ធ្លាប់បានធ្វើការជាមួយគ្នារួចទៅហើយ ដោយកាលពីការវិនិយោគលើកទី១ នោះខ្លួនបានបោះទុនចំនួន ៥០០លានដុល្លារ និងបានបន្ថែម ១.៥ពាន់លានដុល្លារបន្ថែមទៀតក្នុងការវិនិយោគចុងក្រោយនេះ។

គួរបញ្ជាក់ដែរថា ទាំង Google និង Anthropic ត្រូវបានគេស្គាល់ថា សុទ្ធសឹងតែជាគូប្រជែងដ៏ធំជាមួយនឹង OpenAI ទៅលើបញ្ញាសិប្បនិមត្តិប្រភេទ chatbot «ChatGPT»។ ដូច្នេះតាមបទពិសោធន៍កន្លងមក នឹងតាមការប្រកាសវិនិយោគក្នុងទំហំទឹកប្រាក់ដ៏ច្រើនសន្ធឹកនេះត្រូវបានគេរំពឹងថា ភាពជាដៃគូនឹងមកប្រជែងជាមួយនឹង ChatGPT កាន់តែខ្លាំងឡើង ហើយក៏អាចនឹងយកឈ្នះ AI ជំនាន់មុនផងដែរ៕