(ភ្នំពេញ)៖ អតីតបេក្ខភាពកម្មវិធីប្រឡងចម្រៀង Cambodian idol រដូវកាលទី១ និង X Factor Cambodia របស់ស្ថានីយ៍ទូរទស្សន៍ហង្សមាសស្រីស្អាត វីតា បានសម្ដែងការលើកទឹកចិត្ត និងគាំទ្រដល់បេក្ខនារីតំណាងប្រទេសកម្ពុជា គឺកញ្ញា ភឹម ស្រីនោ ដែលបានចូលរួមប្រកួតក្នុងកម្មវិធី Miss Grand International 2023 ដែលប្រព្រឹត្តទៅនៅប្រទេសវៀតណាម កាលពីពេលថ្មីៗនេះ ហើយមិនទទួលបានជយលាភីត្រឡប់មកវិញ។

Miss Grand Cambodia តំណាងឲ្យកម្ពុជាកញ្ញា ភឹម ស្រីនោ បានទៅចូលរួមកម្មវិធី «Miss Grand International 2023» ដែលប្រព្រឹត្តទៅនៅប្រទេសវៀតណាម ហើយក្នុងសម្រស់ដ៏ស្រស់ផូរផង់ ទម្រង់មុខស្អាតបែបខ្មែរអង្គរ កញ្ញា ភឹម ស្រីនោ បានឆក់យកចិត្តមហាជន ដោយផ្តល់នូវការគាំទ្រ និងក្តីស្រឡាញ់ពេញទំហឹង ដល់បរវកញ្ញារបស់កម្ពុជារូបនេះ។

បេក្ខនារី ភឹម ស្រីនោ បានប្រឹងប្រែងអស់ពីសមត្ថភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ហើយពោរពេញដោយថាមពល ជំនឿជឿជាក់ ទំនុកចិត្ត និងមោទនភាព ទោះមិនបានចូលក្នុង Top ណាមួយ នៅក្នុងកម្មវិធី Miss Grand International 2023 ក្ដី។ ពាក់ព័ន្ធនឹងរឿងនេះ កញ្ញា វីតា ដែលជាអតីតបេក្ខភាពកម្មវិធីប្រឡងចម្រៀង Cambodian idol រដូវកាលទី១ និង X Factor Cambodia របស់ស្ថានីយ៍ទូរទស្សន៍ហង្សមាស បានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា «រិះគន់គាត់ធ្វើអ្វី? គាត់ធ្វើអីខុសមែនទេ? អារម្មណ៍គាត់បែបណា ដែលមិនទទួលបានពានអ្វីសូម្បីតែ១ គាត់ខំណាស់ ស៊ូណាស់ បរាជ័យច្រើនលើកតែនៅបន្តក្ដីស្រមៃ មិនបោះបង់ យើងចាំរិះគន់នៅផ្ទះ គេងគ្រប់គ្រាន់ គាត់ទៅតំណាងជាតិកម្ពុជាទាំងមូល គួរតែផ្ដល់កំលាំងចិត្ត ការលើកទឹកចិត្តឲ្យគ្នានោះជាការល្អ។ ការដែលដួលហើយ ងើបទៅរកទីដដែល ព្រោះតែក្ដីស្រមៃ និយាយស្រួលតែមិនងាយទេ ចិត្តខ្លាចនេះ ខ្លាចនោះ សំខាន់ខ្លាចដួលទៀត»

ស្រីស្អាត វីតា បានបន្តទៀតថា «ដូចខ្ញុំប្រឡងចម្រៀង២ដង ម្ដង Cambodian idol រដូវកាលទី១ តែចាត់ទុកថាកាលនោះជារឿងចៃដន្យ មិនបានទាន់ចេះច្រៀងអីទេ តែទៅដល់វគ្គនៅកំពង់សោមដែរ។ ទី២ គឺ X Factor Cambodia ដល់វគ្គ live show ចង់សាកម្ដងទៀតដែរ ព្រោះតែការខ្លាចនេះឯងទើបខ្ញុំបោះបង់ កម្មវិធី the voice Cambodia ថ្មីៗនេះ។ ចុងក្រោយចង់សូមចិត្តបងប្អូន ពាក្យលើកទឹកចិត្ត គឺអាចឲ្យមនុស្សម្នាក់សម្រេចគោលដៅនាងបាន យ៉ាងណាយើងក៏ជាខ្មែរដូចគ្នា»

យ៉ាងណាមិញ ក្រោយពីអតីតបេក្ខភាព Cambodian idol រដូវកាលទី១ កញ្ញា វីតា បង្ហោះសារគាំទ្រដល់ Miss Grand Cambodia កញ្ញា ភឹម ស្រីនោ រួចមក សង្កេតឃើញថា មហាជនគាំទ្រការបង្ហោះរបស់ វីតា ហើយគួរតែបន្តលើកទឹកចិត្តវិញទើបល្អជាង ព្រោះការចូលរួមប្រឡង Miss Grand International គឺទៅតំណាងឲ្យជាតិ និងលើកមុខមាត់ខ្មែរនៅលើឆាកអន្តរជាតិ ទោះបីជាប់ឬធ្លាក់ គឺជាបទពិសោធមួយសម្រាប់ឲ្យយើង យកមកធ្វើជាមេរៀននៅថ្ងៃក្រោយ។

សូមបញ្ជាក់ថា Miss Grand Cambodia 2023 កញ្ញា ភឹម ស្រីនោ បានមកដល់ប្រទេសកម្ពុជាវិញហើយ កាលពីម្សិលមិញនេះ បន្ទាប់ពីចូលរួមការប្រកួតយ៉ាងស្វិតស្វាញក្នុងកម្មវិធី Miss Grand International 2023 នៅឯប្រទេសវៀតណាម។ ក្រុមការងាររបស់នាង ក៏សូមអរគុណទៅកាន់បណ្ដាញអ្នកគាំទ្រ Miss Grand Cambodia ទាំងអស់ ដែលបានស្រឡាញ់លើកទឹកចិត្ត នឹងគាំទ្រ មកទទួលរង់ចាំកញ្ញា ភឹម ស្រីនោ នៅឯ Phnom Penh International Airport យ៉ាងច្រើនកុះករ៕

'