(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីលំដាប់ខ្នាតយក្ស Tesla ប្រកាសដំឡើងថ្លៃរថយន្តអគ្គិសនី Model Y high-performance របស់ខ្លួនជាលើកដំបូងក្នុងទីផ្សារប្រទេសចិន បន្ទាប់ពីរថយន្តជាច្រើនម៉ូដែលផ្សេងទៀតរបស់ខ្លួនបានបញ្ចុះតម្លៃជាបន្តបន្ទាប់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣។

យោងតាមរបាយការណ៍ចេញផ្សាយបានឱ្យដឹងថា ការដំឡើងថ្លៃចុងក្រោយនេះនឹងមានសម្រាប់តែ Model Y high-performance តែមួយប៉ុណ្ណោះដែលកើនឡើងតម្លៃខ្ទង់ ១,៩១៣ដុល្លារ ដែលឈានដល់តម្លៃដាក់លក់សរុបប្រហែល ៥៧,៣៨៧ដុល្លារ។ ការប្រកាសចុងក្រោយនេះបានធ្វើឱ្យរថយន្តអគ្គិសនី Model Y ក្លាយជារថយន្តដែលថ្លៃបំផុតនៅក្នុងប្រទេសចិន តាមពីក្រោយដោយម៉ូដែល Long Range AWD ដែលមានតម្លៃប្រហែល ៥៤,៦៥៤ដុល្លារ។

គួរជម្រាបដែរថា Tesla នៅមិនទាន់បង្ហាញពីមូលហេតុនៃការឡើងថ្លៃនេះនៅឡើយទេ។ ទោះជាយ៉ាងណាក៏ដោយ វាទំនងជាដោយសារតែកត្តារួមបញ្ចូលគ្នា រួមទាំងការកើនឡើងតម្លៃវត្ថុធាតុដើម ការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ និងការកើនឡើងនៃតម្រូវការរថយន្តអគ្គិសនីនៅក្នុងប្រទេសចិន៕