(បាសេឡូណា)៖ ក្រុមអ្នកមានបុណ្យ FC Barcelona នឹងបើកទ្វារកីឡដ្ឋាន Camp Nou របស់ខ្លួន ដើម្បីទទួលស្វាគមន៍ Real Madrid ក្នុងជំនួប El Clasico ដែលជាការជួបគ្នាលើកទី១៨៩ ផងដែរ។

អធិរាជស Real Madrid នឹងឡើងទៅឈរនៅកំពូលតារាង La Liga វិញ ប្រសិនបើអាចយកបាន ៣ពិន្ទុពីក្នុងផ្ទះ Barcelona សម្រាប់ជើងទី១ នារាត្រីថ្ងៃសៅរ៍ ទី២៨ ខែតុលា ឆ្នាំ២០២៣ ដែលកំពុងចាញ់ប្រៀបក្រុមកំពូលតារាង Girona ៣ពិន្ទុ គិតត្រឹមលេង ១០សប្តាហ៍ក្នុងលីគកំពូលអេស្ប៉ាញរដូវកាលនេះ។

ក្រុមទាំងពីរបានលេងចាញ់-ឈ្នះគ្នាម្តងម្នាក់នារដូវកាលមុន គ្រាដែលក្រុមរបស់លោក Xavi Hernandez ជាម្ចាស់ ជើងឯក La Liga និងក្រុមលោក Carlo Ancelotti ជាជើងឯករង។

ដូចការរំពឹងទុក ខ្សែប្រយុទ្ធ Jude Bellingham មានឈ្មោះក្នុងបញ្ជី ២៣នាក់របស់ Real បើទោះបីជាខកខានហ្វឹកហាត់កាលពីថ្ងៃព្រហស្បតិ៍ក៏ដោយ ដោយសារមានរបួសសាច់ដុំតិចតួច ពីជំនួបទល់នឹង Braga បញ្ចប់ជើងទី១ នៅពានអឺរ៉ុប UEFA Champions League។

ចំណែក Barcelona វិញ ខ្សែប្រយុទ្ធសំខាន់ Robert Lewandowski ដែលពុំមានឈ្មោះចូលលេងពេលឈ្នះ Shakhta Donetsk នៅ Champions League ទំនងជានឹងមានឱកាសបង្ហាញខ្លួននៅ El Clasico រាត្រីនេះ ដ្បិតទើបជាពីរបួស គ្រាដែលមិត្តរួមក្រុម Frenki de Jong, Raphinha និង Pedri ក៏បានវិលត្រឡប់មកហ្វឹកហាត់ជុំគ្នា វិញផងដែរ៕