(បរទេស)៖ បណ្តាញផ្សព្វផ្សាយសង្គម X ដែលពីមុនត្រូវបានគេស្គាល់ថាជា Twitter បានប្រកាសចេញមុខងារថ្មីមួយដែលអាចផ្ញើសារជាសំឡេង និងអាចខលវីដេអូបានដូចទៅនឹងបណ្តាញផ្សាយសង្គមផ្សេង ប៉ុន្តែមានសម្រាប់តែអ្នកប្រើប្រាស់ដែលបង់ប្រាក់ប៉ុណ្ណោះ។ ខណៈការដាក់ចេញមុខងារថ្មីចុងក្រោយនេះត្រូវបានគេរំពឹងថា X កំពុងព្យាយាមទាញចំនួនអ្នកប្រើប្រាស់នៅលើភ្លេតហ្វមរបស់ Meta រួមមាន Messenger របស់ Facebook, Instagram និង WhatsApp ជាដើម។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣។

តាមការបញ្ជាក់ពី X បានឱ្យដឹងថា មុខងារថ្មីនេះអនុញ្ញាតឱ្យប្រើជាលើកដំបូងសម្រាប់តែប្រព័ន្ធប្រតិបត្តិការ iOS តែប៉ុណ្ណោះ ចំពោះប្រព័ន្ធប្រតិបត្តិការ Android នៅមិនទាន់បញ្ជាក់ថា នឹងទៅដល់នៅពេលណានោះទេ។ បន្ថែមពីនេះទៀតមុខងារផ្ញើសារជាសំឡេង និងខលវីដេអូនេះ អាចប្រើបានសម្រាប់តែអតិថិជនបង់ប្រាក់ប៉ុណ្ណោះ ពោលគឺរាល់អតិថិជនបង់ប្រាក់ចាប់ពី ៨ដុល្លារឡើងក្នុងមួយខែគឺ អាចបើកប្រើមុខងារនេះបានហើយ។

ដូច្នេះដើម្បីបើកមុខងារនេះបាន អ្នកប្រើប្រាស់ត្រូវតែធ្វើបច្ចុប្បន្នភាពទៅកំណែចុងក្រោយរបស់ X ជាមុនសិនបន្ទាប់មកចូលទៅកាន់ Setting ជ្រើសយកពាក្យ Privacy & Setting ចុចទៅលើពាក្យ Direct Messages និងបើកមុខងារ Enable audio & video calling ជាការស្រេច៕