(ឡុងដ៍)៖ ខ្សែប្រយុទ្ធក្លិប Arsenal កីឡាករ Gabriel Jesus អាចនឹងត្រូវអវត្តមានពីសកម្មភាព ការប្រកួតជាច្រើនសប្តាហ៍ បន្ទាប់ពីពិនិត្យឃើញថា មានបញ្ហារបួសសាច់ដុំ, នេះបើតាមការឲ្យដឹងពីអ្នកចាត់ការ Mikel Arteta ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣។

Jesus ជាអ្នករកបានគ្រាប់បាល់ និងជួយបង្កើតឱកាសឲ្យរកបានគ្រាប់បាល់ ក្នុងជំនួបដែលក្លិប Arsenal ទទួលបានជ័យជម្នះ ក្នុងការប្រកួតក្រៅទឹកដីក្នុងលីគ UEFA Champions League ក្នុងលទ្ធផលឈ្នះ ២-១ ទៅលើក្លិប Sevilla កាលពីថ្ងៃអង្គារ ខណៈរូបគេត្រូវបានប្តូរចេញ បន្ទាប់ពីលេងបាន ៨១នាទី ជាមួយនឹងការសង្ស័យថា មានបញ្ហារបួសសរសៃពួរ។

អ្នកចាត់ការក្រុមលោក Arteta បានលើកឡើងពីបញ្ហារបស់ Jesus ថា «ការពិនិត្យបានបង្ហាញថា មានបញ្ហារបួសសាច់ដុំ យើងអាចនឹងបាត់បង់គាត់ សម្រាប់រយៈពេលប៉ុន្មានសប្តាហ៍ម្តងទៀត។

គួររំលឹកថា កីឡាករ Jesus បានទទួលការវះកាត់ខ្នាតតូចលើជង្គង់ កាលពីខែសីហាកន្លងទៅ និងបានខកខានការប្រកួតនៃការចាប់ផ្តើមរដូវកាលនេះ នៃលីគ Premier League បន្ទាប់ពីការវិលត្រឡប់មកវិញ ហើយរូបគេបានចូលរួមបង្ហាញខ្លួនក្នុងការប្រកួតចំនួន ៤លើកចុងក្រោយ សម្រាប់ក្លិប Arsenal និងការប្រកួតជម្រុះក្នុងពូល Champions League នៅទាំង ៣ប្រកួតរបស់ក្លិប ដោយបានរកគ្រាប់បាល់ ៤គ្រាប់ គិតមកដល់ពេលនេះក្នុងរដូវកាលនេះ៕