(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់ Tottenham Hotspur បន្តកាន់កំណត់ត្រាលេង ១០ប្រកួតក្នុងលីគ Premier League មិនចាញ់ដដែល ជាមួយនឹងការនាំមុខកំពូលតារាង ៥ពិន្ទុផងដែរ ក្រោយឈ្នះក្នុងផ្ទះ Crystal Palace ២-១ នៅយប់មិញ។

ខ្សែការពារ Joel Ward បានធ្វេសប្រហែសចូលទីខ្លួនឯង ក្រោយពេលព្យាយាមរារាំងបាល់ cross ចូលតំបន់គ្រោះថ្នាក់ពីសំណាក់ James Maddison ដែលជាការបើកផ្លូវឲ្យក្រុមរបស់លោក Ange Postecoglou ក្នុងការរកបាន ៣ពិន្ទុក្រៅដីជាលើកទី៤ របស់ពួកគេ ក្នុងចំណោមលេង ៦ប្រកួតនាដើមរដូវកាលថ្មីនេះ នៅមុនពេល Son Heung-min ដែលឡើងមកប្រយុទ្ធចំតួ ក្រោយការចេញរបស់ Harry Kane ទៅចូលរួមនៅ Bayern Munich ធ្វើបានសម្រេចគ្រាប់ទី២ នៅនាទី៦៦។

យ៉ាងណាក៏ដោយ សម្រាប់ក្រុមម្ចាស់ផ្ទះ Crystal Palace ដែលកំពុងឈរនៅលេខរៀងទី១១ ជាមួយនឹង ១១ពិន្ទុបណ្តោះអាសន្នផងនោះ រកបាន ១គ្រាប់វាយបកវិញដែរនៅនាទីចុងម៉ោងដោយកីឡាករ Jordan Ayew។

ក្រុមមាន់ខ្នាយមាស Spurs បានចាប់ផ្តើមសម្រាប់រដូវកាលដ៏អស្ចារ្យ ដូចដែលពួកគេធ្លាប់ធ្វើបានកាលពីរដូវកាល ១៩៦០-៦១ ក្នុងនាមជាក្រុមលេងមិនទាន់ចាញ់ដូច Arsenal ក្រោយឆ្លងកាត់ ១០ប្រកួតក្នុងលីគមកនេះ ដែលញាំងឲ្យក្រុមអ្នកគាំទ្រមានក្តីសុបិនក្នុងការប្រជែងយកពាន Premier League ២០២៣-២០២៤ ដែរ៕