(បរទេស)៖ ក្រុមចម្រៀង K-POP បុរស Seventeen នឹងឡើងថ្លែងសុន្ទរកថា នៅឯទីស្នាក់ការកណ្តាលរបស់អង្គការយូណេស្កូ ក្នុងទីក្រុងប៉ារីស និងសម្តែងបទចម្រៀងនៅទីនោះផងដែរ។ ប្រការនេះបានធ្វើឲ្យ Seventeen ក្លាយជាក្រុម Seventeen ដំបូងហើយ មានកិត្តិយសបានឡើងសម្តែង និងថ្លែងនៅទីនោះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Koreatimes នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣។

ក្រុមចម្រៀងដែលមានសមាជិក១៣រូបខាងលើនេះ នឹងថ្លែងសុន្ទរកថាក្នុងការប្រារព្ធ «ទិវាយុវជនរបស់អង្គការយូណេស្កូ» លើកទី១៣ នៅទីស្នាក់ការកណ្តាលរបស់អង្គការយូណេស្កូ នៅទីក្រុងប៉ារីស នៅថ្ងៃទី១៤ ខែវិច្ឆិកា វេលាម៉ោង៧យប់ (ម៉ោងនៅទីក្រុងប៉ារីស) ខណៈការនិយាយ និងសម្តែងរបស់ក្រុមនេះ នឹងមានរយៈពេលប្រហែលមួយម៉ោង។ នេះបើយោងតាម Pledis Entertainment។

គួរជម្រាបថា វេទិកាយុវជនរបស់អង្គការយូណេស្កូ ជាព្រឹត្តិការណ៍មួយដែលត្រូវបានប្រារព្ធឡើង ជារៀងរាល់ពីរឆ្នាំម្តង រួមនឹងសន្និសីទទូទៅរបស់អង្គការយូណេស្កូ។ វេទិកានេះផ្តល់នូវវេទិកាមួយ សម្រាប់អ្នកតំណាងយុវជនមកពីជុំវិញពិភពលោក ដើម្បីចែករំលែកគំនិត និងបទពិសោធន៍របស់ពួកគេ អំពីបញ្ហាប្រឈមដែលយុវជនជំនាន់ក្រោយជួបប្រទះ និងស្វែងរកដំណោះស្រាយ។ ក្រុម Seventeen គឺជាក្រុមចម្រៀង K-pop ដំបូងបង្អស់ដែលត្រូវបានចាត់ឲ្យចូលរួមក្នុងព្រឹត្តិការណ៍ UNESCO ដ៏ល្បីបែបនេះ៕