(បរទេស)៖ ក្រុមហ៊ុន Apple បានបញ្ចេញនាឡិកាឆ្លាតដៃវៃរបស់ខ្លួន Apple Watch ម៉ូដែលទូទៅជាច្រើនជំនាន់រួចមក ដោយឡែកចំពោះម៉ូដែលកំពូល Ultra វិញទើបតែបញ្ចេញបានពីជំនាន់ប៉ុណ្ណោះគិតត្រឹមជំនាន់ Apple Watch Series 8 និង Series 9 ឆ្នាំនេះ។ តែតាមរយៈរបាយការណ៍ចុងក្រោយនេះនឹងធ្វើឱ្យអ្នកគាំទ្រខកចិត្ត ដោយអ្នកវិភាគដ៏ល្បីល្បាញលោក Ming-Chi Kou បានឱ្យដឹងថា Apple Watch Ultra 3 នឹងមិនចេញទាន់ពេលវេលានៅឆ្នាំ២០២៤ នោះទេ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣។

ប្រភពពីអ្នកវិភាគខ្សែសង្វាក់ផ្គត់ផ្គង់ Apple ដ៏ល្បីល្បាញលោក Ming-Chi Kou បាននិយាយថា បច្ចុប្បន្ននេះ នៅមិនទាន់មានសញ្ញាណាមួយនៃ «Apple Watch Ultra 3» កំពុងស្ថិតក្នុងដំណាក់ការអភិវឌ្ឍន៍នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់ Apple ឡើយ ហើយវាទំនងជានឹងមិនចេញនៅឆ្នាំ២០២៤ នោះទេ។ លោកបានបន្ថែមទៀតថា ពេលវេលារំពឹងទុកនៅសល់រហូតដល់ខែធ្នូបន្ថែមទៀត ប្រសិនបើ Apple នៅតែមិនចាប់ផ្តើមខ្សែសង្វាក់ផលិតកម្មទេនោះ យើងអាចប្រើគោលការណ៍សន្មតថា Apple អាចសម្រេចចិត្តឈប់ផលិតម៉ូដែល Ultra ទាំងស្រុង ឬអាចរង់ចាំដល់ឆ្នាំ ២០២៥ ដើម្បីបញ្ចេញម៉ូដែល Ultra ជំនាន់ក្រោយ។

ជុំវិញករណីនេះលោក Kou បានប៉ានស្មានថា វត្តមាន Apple Watch Ultra 3 អាចនឹងបណ្តាលមកពីហេតុផលមួយចំនួនរួមមាន បញ្ហាផលិតកម្មជាមួយអេក្រង់ microLED ក៏ដូចជាត្រូវការពេលវេលាបន្ថែមទៀតដើម្បីអភិវឌ្ឍមុខងារគ្រប់គ្រងសុខភាព និងការលក់ Apple Watch Ultra 2 ប្រហែលជាមិនដូចការរំពឹងទុក។ តែយ៉ាងណានេះគ្រាន់តែជាការប៉ានស្មានប៉ុណ្ណោះ ចំពោះព័ត៌មានលម្អិតអំពី Ultra 3 នៅចាំ Apple បញ្ជាក់បន្ថែមទៀត៕