(ក្រុងឡុងដ៍)៖ រថយន្តក្រុងដែលបានដឹកក្រុមកីឡាករក្លិបបាល់ទាត់ Borussia Dortmund របស់អាល្លឺម៉ង់ បានរងការផាកពិន័យ ក៏ព្រោះតែចតខុសចំណតកាលពីរាត្រីថ្ងៃពុធ នៅក្នុងតំបន់ Tynemouth នៃប្រទេសអង់គ្លេស។

តាមរយៈការចេញផ្សាយដោយគេហទំព័រកីឡា BBC ដែលបានដកស្រង់សេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សា North Tyneside ឲ្យដឹងថា រថយន្តខាងលើនេះ ត្រូវបានផាកពិន័យជាទឹកប្រាក់ចំនួន ៥០ផោន ដែលស្មើនឹង ៦១ដុល្លារ ក្រោយចតនៅ Grand Parade ដែលបានដឹកនាំក្រុមកីឡាករមកប្រកួតទល់នឹង Newcastle United ក្នុងពានរង្វាន់អឺរ៉ុប UEFA Champions League នាថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០២៣។

យ៉ាងណាក៏ដោយ ការបង់ផាកពិន័យនេះមិនទាន់ត្រូវបានធ្វើឡើងនៅឡើយទេ ដោយរង់ចាំការជជែកជាមួយក្រុមម្ចាស់ផ្ទះ ឬក៏លោក Eddie Howe ក្នុងការចេញថ្លៃផាកពិន័យនេះ នៅពេលសារិកព្រៃ Newcastle ធ្វើដំណើរទៅសងសឹកនៅអាល្លឺម៉ង់វិញនាថ្ងៃទី០៧ ខែវិច្ឆិកាសម្រាប់ជើងទី២ ក្រោយពួកគេបានចាញ់ ១-០ ក្នុងកីឡដ្ឋាន St James’ Park៕