(បរទេស)៖ តារាចម្រៀងប្រុស K-POP G-Dragon បានបដិសេធពីការប្រើប្រាស់គ្រឿងញៀនខុសច្បាប់កាលពីថ្ងៃសុក្រសប្តាហ៍នេះ បន្ទាប់ពីប៉ូលីសបើកការស៊ើបអង្កេតលើលោកជាផ្លូវការ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Koreatimes នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ តាមរយៈមេធាវីរបស់ខ្លួន តារាប្រុស G-Dragon បាននិយាយយ៉ាងខ្លាំងថា «ខ្ញុំមិនធ្លាប់ប្រើប្រាស់គ្រឿងញៀនទេ»។​ ខណៈការលើកឡើងនេះ គឺបន្ទាប់ពីទីភ្នាក់ងារប៉ូលិសក្រុង Incheon បានឃាត់ខ្លួនលោក ពីបទប្រើប្រាស់គ្រឿងញៀន ដោយរំលោភច្បាប់គ្រប់គ្រងសារធាតុញៀនក្នុងប្រទេសកូរ៉េ។ បន្ថែមពីលើនេះ  G-Dragon បានសង្កត់ធ្ងន់ថា ខ្លួននឹងសហការជាមួយប៉ូលីសក្នុងការស៉ើបអង្កេតនេះ ត្បិតថាតាំងពីទទួលបានដំណឹងនេះមក មានអ្នកគាំទ្រជាច្រើន បានបង្ហាញក្តីព្រួយបារម្ភចំពោះលោក។

គួរជម្រាបថា ក្នុងឆ្នាំ២០១១ G-Dragon ធ្លាប់មានរឿងអាស្រូវគ្រឿងញៀនមួយផ្សេងទៀតក្នុងឆ្នាំ ២០១១។ លោកបានសារភាពថា បានប្រើប្រាស់កញ្ឆានៅក្នុងក្លឹបមួយក្នុងប្រទេសជប៉ុន ប៉ុន្តែបាននិយាយថា លោកមិនបានដឹងពីសារធាតុ ដែលគាត់បានទទួលយកទេ ហើយព្រះរាជអាជ្ញាបានទម្លាក់ការចោទប្រកាន់ នៅពេលនោះ៕