(ឡុងដ៍)៖ ខ្សែបម្រើក្លិប Newcastle United និងក្រុមជម្រើសជាតិអ៊ីតាលី កីឡាករ Sandro Tonali បានរងការហាមឃាត់ពីការប្រកួតចំនួន ១០ខែ ដោយសហព័ន្ធបាល់ទាត់អ៊ីតាលី (FIGC) ពីបទបំពានច្បាប់ភ្នាល់។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣។

កីឡាករវ័យ ២៣ឆ្នាំរូបនេះ នឹងមិនអាចប្រកួតបានទេ រហូតដល់ខែសីហាឆ្នាំក្រោយ ហើយនឹងមិនអាចបង្ហាញខ្លួននៅឯព្រឹត្តិការណ៍ Euro 2024 ប្រសិនបើអ៊ីតាលី មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ឡើងទៅវគ្គបន្ត ខណៈកីឡាករ Tonali បានចូលរួមជាមួយក្លិប Newcastle ផ្ទេរមកពីក្លិប AC Milan កាលពីខែកក្កដា ក្នុងតម្លៃ ៥៥លានផោន។

គួរដឹងផងដែរថា កាលពីដើមខែនេះ ខ្សែបម្រើក្លិប Juventus កីឡាករ Nicolo Fagioli ក៏បានទទួលការហាមឃាត់រយៈពេល ៧ខែផងដែរពីសហព័ន្ធ (FIGC) ពីបទបំពានច្បាប់ភ្នាល់ដូចគ្នានេះ។

សូមជម្រាបថា Tonali បានបង្ហាញខ្លួន ១២លើកឱ្យក្រុមដែលដឹកនាំដោយលោក Eddie Howe ហើយក្រុម Newcastle កំពុងស្ថិតនៅចំណាត់ថ្នាក់ទី៦ ក្នុងលីគ Premier League រដូវកាលនោះ ដោយត្រូវធ្វើដំណើរទៅជួបក្រុម Wolves នៃការប្រកួតសប្តាហ៍ទី១០ នៅថ្ងៃសៅរ៍សប្តាហ៍នេះ មុនពេលប៉ះ Manchester United ជាការប្រកួតជុំទី៤ ក្នុងលីគ EFL Cup នៅថ្ងៃសប្តាហ៍ក្រោយ៕