(ភ្នំពេញ)៖ លោក Oleg Starynskyi គ្រូបង្វឹកក្រុមភ្នំពេញក្រោន បានពោលថា «យើងលេងបាល់ទាត់តាមរបៀបរបស់យើង ជាមួយនឹងជំនឿចិត្ត។ ការការពារ និងការវាយបក មិនមែនជាអ្វីដែលយើងចូលចិត្តនោះទេ ដូច្នេះខ្ញុំពិតជាសសើរកីឡាករទាំងអស់ ដែលខំប្រឹងក្នុងការធ្វើការងារដ៏អស្ចារ្យនេះ»

ការគូសបញ្ជាក់នេះ បន្ទាប់ពីក្រុមជើងឯកលីគកំពូលកម្ពុជា ៨សម័យកាលខាងលើ បានយកឈ្នះក្រុមខ្លាំង Macarthur FC មកពីអូស្ដ្រាលីគួរឲ្យភ្ញាក់ផ្អើល ក្នុងលទ្ធផលបច្ចេកទេស ៣-០ នៃជំនួបបញ្ចប់ជើងទី១ នៃពានរង្វាន់ AFC Cup 2023-24 ពូល F នៅពហុកីឡដ្ឋានជាតិអូឡាំពិកនារាត្រីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣។

លោក Oleg ថា «វាគឺជាការឈានទៅមុខដ៏សំខាន់សម្រាប់បាល់ទាត់កម្ពុជា ដែលឲ្យយើងយល់ថា យើងអាចប្រជែង និងលេងបានជាមួយពួកគេ។ ខ្ញុំសង្ឃឹមថា ជ័យជម្នះនេះនឹងធ្វើឲ្យយើងមានភាពជឿជាក់ ដើម្បីទទួលបានសមិទ្ធផលបន្ថែមទៀតនាពេលខាងមុខ»

គ្រូបង្វឹកជនជាតិអ៊ុយក្រែនដដែលបន្ដថា «យើងលេងបាល់ទាត់ តាមអ្វីដែលយើងបានរៀបចំ ហើយយើងមានទំនុកចិត្តក្នុងការប្រកួតនេះ។ ខ្ញុំពិតជារីករាយជាមួយកីឡាករមែនទែន ដែលពួកគេព្យាយាមលេងជាមួយបេះដូង និងភាពជឿជាក់។ ខ្ញុំអាចនិយាយបានថា ទោះលេងជាមួយក្រុមមកពីអាស៊ីផ្សេងទៀតម៉េចក៏ដោយ ក៏ពួកយើងនៅតែលេងរបៀបមានទំនុកចិត្តរបស់យើងដូចគ្នា»

ទោះបីក្រុមខ្លួនបានដាក់សម្ពាធរហូតទទួលបានជ័យជម្នះក្នុងដីក្ដី តែលោកមិនមើលស្រាល Macathur FC ឡើយ ពិសេសការប្រកួតជើងទី២ នៅទឹកដីអូស្ដ្រាលី ដែលប្រៀបដូចជាការប្រកួតផ្ដាច់ព្រ័ត្រ។ លោកថា «ការប្រកួតនៅអូស្ដ្រាលី គឺជាការប្រកួតដ៏លំបាកសម្រាប់ពួកយើង ហើយវាជាការសាកល្បងពិតប្រាកដមួយ។ យើងត្រូវការរៀបចំពេលវេលាធ្វើដំណើរ និងការផ្លាស់ប្ដូរមួយចំនួន ដើម្បីត្រៀមការប្រកួតនេះ។ អ៊ីចឹងជំនួបជើងទី២ ប្រៀបដូចជាការប្រកួត Final មួយនៅទីនោះ»

ជាមួយគ្នានោះ ថ្លែងក្នុងសន្និសីទក្រោយចប់ការប្រកួត គ្រូបង្វឹករបស់ក្រុមភ្ញៀវក៏បានឲ្យដឹងដែរថា «យើងដឹងហើយថា នេះជាការប្រកួតដែលលំបាកសម្រាប់យើង ហើយយើងដឹងថា ពួកគេ (ក្រោន) គឺជាក្រុមមួយដែលល្អ ហើយពួកគេពិតជាស័ក្ដិសមនឹងទទួលលទ្ធផលបែបនេះ។ ពួកគេធ្វើបានល្អ ជុំវិញនឹងការបោះបាល់ពីក្រោយខ្នងខ្សែការពារ និងចលនាលេងលើទីលាន។ នេះគឺជាភាពខ្លាំងរបស់ពួកគេ»

លោកថា ការបរាជ័យនេះ បញ្ហាមិនអាចមកពីទីលាន ឬអ្នកគាំទ្រច្រើននោះទេ តែដោយសារទម្រង់លេងរបស់ក្រុមខ្លួនតែម្ដង។

គួរដឹងថា បច្ចុប្បន្នក្រុមភ្នំពេញក្រោន បានឡើងមកឈរកំពូលតារាងពូល F ជាបណ្ដោះអាសន្ន ដោយរកបាន ៩ពិន្ទុពេញពីជ័យជម្នះ ៣ប្រកួតជាប់គ្នា ដោយការពារសំណាញ់ទីមិនរបូតគ្រាប់បាល់ (Clean Sheet) ខណៈ Macarthur FC បានធ្លាក់មកឈរលេខ២ និងមាន ៦ពិន្ទុ។ ចំពោះបេសកកម្មជើងទី២ ត្រូវហោះទៅជួបក្រុមអូស្ដ្រាលីនេះវិញម្ដង នាថ្ងៃទី០៩-វិច្ឆិកា មុនបើកទ្វារផ្ទះទទួលក្រុម Cebu FC របស់ហ្វីលីពីន នាថ្ងៃទី៣០-វិច្ឆិកា និងចុងក្រោយ ជួបក្រុមម្ចាស់ផ្ទះ Shan United នាថ្ងៃទី១៤ ខែធ្នូខាងមុខ៕