(ញូវយ៉ក)៖ ខ្សែប្រយុទ្ធ Lionel Messi បានឈានមកដល់ជុំផ្តាច់ព្រ័ត្រក្នុងចំណោមកីឡាករ ៣នាក់ នៃការប្រជែងពាន ឯកត្តជន ក្នុងនាមកីឡាករចំណូលថ្មីលេងប្រចាំឆ្នាំសម្រាប់លីគកំពូលអាមេរិក Major League Soccer 2023។

តាមរយៈការចេញផ្សាយដោយគេហទំព័រកីឡា BBC នាថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ២០២៣ បានឲ្យដឹងថា Messi ដែលកំពុងលេងឲ្យក្លិប Inter Miami FC បានឡើងមកដល់ការបោះឆ្នោតជុំផ្តាច់ព្រ័ត្រជាមួយគូប្រជែង Giorgos Giakoumakis ខ្សែប្រយុទ្ធនៃក្លិប Atalanta United និងខ្សែបម្រើក្លិប St Louis City គឺកីឡាករ Eduard Lowen ថែមទៀតផង។

នៅចាំបានថា បុរសវ័យ ៣៦ឆ្នាំសញ្ជាតិអាហ្សង់ទីនខាងលើនេះ បានផ្លាស់ចេញពីក្លិបបារាំង Paris Saint Germain ដើម្បីមកចូលរួមជាមួយ Miami កាលខែកក្កដា ឆ្នាំ២០២៣ ដោយស៊ុតបាន ១១គ្រាប់គ្រប់កម្មវិធីប្រកួត ជួយក្លិបដែលមានម្ចាស់គឺលោក David Beckham ឈ្នះជើងឯក League Cup នៅអាមេរិកទៀតផង។

មែនទែនទៅ Messi ទើបតែបានចូលលេង ៦ប្រកួតប៉ុណ្ណោះក្នុងលីគកំពូលអាមេរិក MLS សម្រាប់រដូវកាលនេះ ហើយក៏ជាបេក្ខភាពសំខាន់ ១រូបផងដែរ ក្នុងការឈ្នះពានបាល់មាស Ballon dÓr ដែលនឹងត្រូវប្រកាសនៅរាត្រីថ្ងៃចន្ទសប្តាហ៍ក្រោយ បន្ទាប់ពីជួយអាហ្សង់ទីនឈ្នះពាន World Cup 2022 នៅប្រទេសកាតានាអំឡុងខែធ្នូកន្លងទៅ៕