(ភ្នំពេញ)៖ លោក Mile Sterjovski គ្រូបង្វឹកក្រុម Macarthur FC បានសម្ដែងការខកចិត្តជាខ្លាំង ចំពោះទម្រង់លេងរបស់ក្រុមខ្លួន បន្ទាប់ពីរងបរាជ័យក្រោមថ្វីជើងម្ចាស់ផ្ទះភ្នំពេញក្រោន កាលពីយប់មិញ ក្នុងជំនួបជើងទី១ នៃពានរង្វាន់ AFC Cup 2023/24 ពូលF ។ លោកថា ការបរាជ័យនេះ បញ្ហាមិនអាចមកពីទីលាន ឬអ្នកគាំទ្រច្រើននោះទេ តែដោយសារទម្រង់លេងរបស់ក្រុមខ្លួនតែម្ដង ។

ថ្លែងក្នុងសន្និសីទក្រោយចប់ការប្រកួតបុរសវ័យ ៤៤ឆ្នាំរូបនេះ លើកឡើងថា «យើងដឹងហើយថា នេះជាការប្រកួតដែលលំបាកសម្រាប់យើង ហើយយើងដឹងថា ពួកគេ(ភ្នំពេញក្រោន) គឺជាក្រុមមួយដែលល្អ ហើយពួកគេពិតជាស័ក្ដិសមនឹងទទួលលទ្ធផលបែបនេះ ។ ពួកគេធ្វើបានល្អ ជុំវិញនឹងការបោះបាល់ពីក្រោយខ្នងខ្សែការពារ និងចលនាលេងលើទីលាន ។ នេះគឺជាភាពខ្លាំងរបស់ពួកគេ»

លោកបន្ថែមថា «ពិតណាស់ ពួកយើងរីករាយ ចំពោះការទទួលរបស់ម្ចាស់ផ្ទះ ហើយយើងមកទីនេះ ដើម្បីលេងបាល់ទាត់ ។ ប៉ុន្ដែខ្ញុំមានអារម្មណ៍ខកចិត្តជាមួយទម្រង់លេងរបស់ក្រុម ដែលយើងធ្វើដំណើរមកវែងឆ្ងាយពីអូស្ដ្រាលីមកដល់ទីនេះ ហើយអាកាសធាតុក៏ប៉ះពាល់បន្ដិចបន្ដួច តែយើងអត់អាចនិយាយពីបញ្ហាទីលាន ឬអ្នកគាំទ្រទេ ព្រោះយើងត្រៀមខ្លួនក្នុងការលេងជាមួយមនុស្សច្រើនរួចហើយ តែអ្វីដែលខកចិត្ត ជុំវិញទម្រង់លេងរបស់ក្រុមទាំងមូល» ។

គួរដឹងថា បន្ទាប់ពីរងបរាជ័យក្រោមថ្វីជើងក្រុមជើងឯកលីគកំពូលកម្ពុជា ៣-០ ក្នុងជំនួបបញ្ចប់ជើងទី១ យប់មិញ ក្រុមខ្លាំងអូស្ដ្រាលី Macarthur FC បានធ្លាក់មកឈរលេខ២ ដោយមាន ៦ពិន្ទុ ខណៈក្រុមភ្នំពេញក្រោន បានឡើងឈរកំពូលតារាងពូលF នៃពានកម្រិតទី២ ប្រចាំទ្វីបអាស៊ីនេះបណ្ដោះអាសន្ន ដោយរកបាន ៩ពិន្ទុពេញ បន្ទាប់ពីឈ្នះ ៣ប្រកួតជាប់គ្នា ដោយមិនរបូតគ្រាប់បាល់(Clean Sheet) ។ ២ប្រកួតដំបូង ភ្នំពេញក្រោន បានយកឈ្នះក្រុម Cebu FC របស់ហ្វីលីពីន ៣-០ និងឈ្នះក្រុម Shan United របស់មីយ៉ាន់ម៉ា ៤-០ ។

យ៉ាងណាក្ដី ក្រុមសិង្ហក្រហម ភ្នំពេញក្រោន នៅសល់ភារកិច្ចប្រកួតជើងទី២ ចំនួន ៣ប្រកួតទៀត ដើម្បីប្រជែងកៅអីវគ្គបន្ដ នៃពានរង្វាន់ AFC Cup 2023/24 ពោលគឺក្រុមតំណាងកម្ពុជានេះ នឹងត្រូវហោះទៅជួបក្រុម Macarthur FC វិញម្ដង នាថ្ងៃទី០៩-វិច្ឆិកា មុនបើកទ្វារផ្ទះទទួលក្រុម Cebu FC របស់ហ្វីលីពីន នាថ្ងៃទី៣០-វិច្ឆិកា និងចុងក្រោយ ជួបក្រុមម្ចាស់ផ្ទះ Shan United នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខ ៕