(ភ្នំពេញ)៖ ក្រុមបាល់ទាត់ភ្នំពេញក្រោន របស់កម្ពុជា បានបន្ថែម ៣ពិន្ទុពេញ ក្នុងប្រកួតទី៣ នៃពានរង្វាន់ AFC Cup 2023/24 ពូលF បន្ទាប់ពីយកឈ្នះក្រុមខ្លាំង Macarthur FC មកពីអូស្ដ្រាលី ដោយលទ្ធផល ៣-០ មុននេះបន្ដិច នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។

ជំនួបបញ្ចប់ជើងទី១ ក្នុងវគ្គចែកពូល នៃពានកម្រិតទី២ ប្រចាំទ្វីបអាស៊ីនេះ ក្រុមជើងឯកលីគកំពូលកម្ពុជា ធ្វើបានយ៉ាងល្អ ដោយបានវាយសម្រុក និងបង្កើតឱកាសលើក្រុមឆ្លងទ្វីបមកពីអូស្ដ្រាលីនេះ តាំងពីដើមវគ្គទី១ តែមិនអាចបំប៉ោងសំណាញ់ទីគ្នាបានឡើយ សម្រាប់ការប្រកួត ៤៥នាទីដំបូង ។

ចូលវគ្គទី២ ភ្នំពេញក្រោន នៅតែបន្ដធ្វើបានល្អ រហូតអាចទម្លាយរបាំងការពារក្រុម Macarthur FC ១គ្រាប់មុន ដោយកីឡាករ Shimizu Shintaro នៅនាទី៧៥ ហើយខ្សែប្រយុទ្ធជនជាតិជប៉ុនដដែល បានស៊ុតបន្ថែមគ្រាប់ទី២ នៅនាទី៨៦ មុនកីឡាករ ផាច សុជាវីឡា រកបានគ្រាប់ទី៣ នៅចុងម៉ោង ដើម្បីធានាជ័យជម្នះជូនក្រុមសិង្ហក្រហម ក្នុងជំនួបជើងទី១ លើក្រុមខ្លាំងអូស្ដ្រាលីនេះតែម្ដង ។

សម្រាប់ជ័យជម្នះ អមជាមួយការរក្សាសំណាញ់ទីមិនឲ្យរបូតគ្រាប់បាល់(Clean Sheet)នេះដែរ បានធ្វើឲ្យក្រុមភ្នំពេញក្រោន ឈរកំពូលតារាងបណ្ដោះអាសន្ន ដោយរកបាន ៩ពិន្ទុពេញ សម្រាប់ពូលF នៃពានរង្វាន់ AFC Cup 2023/24 មុនបន្ដការប្រកួតជើងទី២ ដែលភ្នំពេញក្រោន ត្រូវហោះទៅជួបក្រុម Macarthur FC វិញម្ដង នាថ្ងៃទី០៩-វិច្ឆិកា មុនបើកទ្វារផ្ទះទទួលក្រុម Cebu FC របស់ហ្វីលីពីន នាថ្ងៃទី៣០-វិច្ឆិកា និងចុងក្រោយ ជួបក្រុមម្ចាស់ផ្ទះ Shan United នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខ ៕