(តាកែវ)៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី បានរៀបចំដាំកូនឈើចម្រុះ និងប្រគេនអំពូលសូឡាដល់ព្រះសង្ឃ ដើម្បីដាក់បំភ្លឺក្នុងបរិវេណវត្តគីរីធម៌វន្ត ហៅវត្តថ្មអន្ទង ដែលស្ថិតនៅក្នុងភូមិឱតាសាំង ឃុំបណ្តឹង ស្រុកបាទី ខេត្តតាកែវ។

ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក កែវ សុខា អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី ព្រមទាំងបុគ្គលិកទាំងអស់របស់គ្រឹះស្ថាន និងមានការចូលរួមពីសំណាក់ ព្រះសង្ឃ តាអាចារ្យ ដូនជី មន្ត្រីរាជការ កងកម្លាំង ប្រជាជនមួយចំនួនផងដែរ កាលពីដើមខែតុលា ឆ្នាំ២០២៣។

នាឱកាសនោះដែរ អគ្គនាយកនៃគ្រឹះស្ថាន បានដឹកនាំបុគ្គលិក គ្រប់ជាន់ថ្នាក់របស់គ្រឹះស្ថានជាង៦០នាក់ ដាំកូនឈើ ដើម្បីការពារព្រៃឈើ និងធនធានធម្មជាតិ ព្រមទាំងប្រគេនអំពូលសូឡាចំនួន ១០ដើម ប្រគេនដល់វត្ត ដែលពុំមានភ្លើងអគ្គីសនីប្រើបាស់ ដែលគិតជាទឹកប្រាក់មានចំនួន ៦,៤៧២,០០០ (ប្រាំមួយលាន បួនសែន ប្រាំពីរម៉ឺន ពីរពាន់រៀល) និងបានប្រគេនទេយ្យទានមួយចំនួនដល់ព្រះសង្ឃ ដែលគង់នៅទីអារ៉ាម។ ក្នុងនោះក៏បានជូនថវិកា ដល់តាជី ដូនជី កងកម្លាំង និងប្រជាជនមួយចំនួនផងដែរ។

សូមបញ្ជាក់ថាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី មិនត្រឹមតែជាស្ថាប័ន ដែលរកប្រាក់ចំណូល/ ក៏ដូចជាផ្តល់ការងារជាងពីររយកន្លែងសម្រាប់និយោជិក និងចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកស្ទួយសេដ្ឋកិច្ចប៉ុណ្ណោះទេ គឺគ្រឹះស្ថានតែងតែ គិតគូដល់បញ្ហាសង្គម និងតែងតែចូលរួមចំណែកជួយដល់ការខ្វះខាត ឬតម្រូវការនានារបស់សង្គមជាតិ ជាក់ស្តែងជារៀងរាល់ឆ្នាំ គ្រឹះស្ថានតែងតែងធ្វើការបរិច្ចាគឈាមជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីជួយសង្គ្រោះដល់អាយុជីវិតមនុស្ស និងអ្នកជំងឺដែលត្រូវការឈាមជាចាំបាច់៕