(បរទេស)៖ នៅសប្តាហ៍នេះក្រុមហ៊ុន Lenovo បានរៀបចំព្រឹត្តិការណ៍បច្ចេកវិទ្យាដ៏ធំប្រចាំឆ្នាំមួយដែលមានឈ្មោះថា «Global Tech World 2023» ដោយមានការចូលរួមបង្ហាញបច្ចេកវិទ្យាថ្មីៗពីក្រុមហ៊ុននានាជាច្រើន។ ដោយឡែកក្នុងចំណោមក្រុមហ៊ុនទាំងនោះក៏មានវត្តមាន Motorola ផងដែល ខណៈការបង្ហាញបច្ចេកវិទ្យាជំនាន់ចុងក្រោយពីក្រុមហ៊ុននេះកំពុងផ្ទុះការចាប់អារម្មណ៍ជាខ្លាំងជាមួយនឹងសមត្ថភាពស្មាតហ្វូនអេក្រង់បត់ដែលសភាពទន់អាចបត់បានដូចទៅនឹងនាឡិកា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣។

Motorola នៅមិនទាន់មានចែករំលែកព័ត៌មានលម្អិតទាក់ទងនឹងស្មាតហ្វូនអេក្រង់បត់របស់គេនៅឡើងយនោះទេ ប៉ុន្តែគំរូស្មាតហ្វូននេះកំពុងអង្រួនបេះដូងអ្នកប្រើប្រាស់ជាច្រើនដែលគាំទ្រស្មាតហ្វូនអេក្រង់បត់ជាមួយនឹងរូបរាងពិសេសរបស់វា។ តាមរយៈលោកស្រី Lexi Valasek នៅក្នុងព្រឹត្តិការណ៍ Lenovo នោះបានបង្ហាញពីទម្រង់បត់ដែលអាចពត់ជុំវិញកដៃបានថែមទាំងអាចពត់តិច ឬច្រើនតាមតម្រូវការ និងអាចធ្វើជាជើងទម្រសម្រាប់ដាក់ថតដោយមិនចាំប្រើឧបករណ៍ជំនួយបានថែមទៀតផង។

មិនត្រឹមតែប៉ុណ្ណោះ Motorola ក៏បានបង្ហាញពីមុខងារ AI ជំនាន់ថ្មីមួយចំនួនដែលមានលក្ខណៈពិសេស ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចកំណត់ផ្ទាំងរូបភាព និងរូបថតផ្ទាល់ខ្លួនតាមរយៈ AI-generate សម្រាប់ដាក់តាំងនៅលើអេក្រង់ស្មាតហ្វូនបានជាច្រើនជម្រើសតាមតម្រូវការទៀតផង។

គួរជម្រាបដែរថា សម្រាប់គំរូស្មាតហ្វូននេះកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍នៅឡើយនោះទេ នៅមិនទាន់មានការបញ្ជាក់ថា អាចនឹងដាក់លក់នៅពេលណាឡើយ ដូច្នេះមានតែរង់ចាំការបង្ហាញជាថ្មីពី Motorola ជាថ្មីម្តងទៀត៕