(បរទេស)៖ ប៉ុន្មានថ្ងៃមកនេះ គេសង្កេតឃើញថា មានតារា K-POP ល្បីៗមួយចំនួន កំពុងរងការចោទប្រកាន់ ជុំវិញករណីប្រើប្រាស់សារធាតុញៀន។ ក្នុងនោះតារាស្រី Kim Chaewon សមាជិកក្នុងក្រុមចម្រៀងនារី LE SSERAFIM ក៏ត្រូវបានគេចោទប្រកាន់ផងដែរ ខណៈពេលនេះផលិតកម្មរបស់នាង បានចេញមុខមកបដិសេធ ចំពោះការចោទប្រកាន់នេះភ្លាមៗតែម្តង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Koreaboo នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣។

នៅថ្ងៃទី២៦ ខែតុលា ផលិតកម្ម Source Music បានបដិសេធពាក្យចចាមអារ៉ាមដែលថា តារាស្រីក្នុងផលិតកម្មរបស់ខ្លួនប្រើគ្រឿងញៀន ដោយបញ្ជាក់ថា ការអវត្តមានរបស់ Kim Chaewon គឺដោយសារតែជំងឺផ្តាសាយធ្ងន់ធ្ងរ។ ក្នុងសេចក្តីថ្លែងការណ៍ផលិតកម្មនេះបានសង្កត់ធ្ងន់ថា «រាល់ពាក្យចចាមអារ៉ាមជុំវិញ Kim Chaewon គឺមិនពិតទេ។ បច្ចុប្បន្ននាងកំពុងសម្រាកព្យាបាល ក្រោយមានជំងឺផ្ដាសាយធ្ងន់ធ្ងរ។ Kim Chaewon នឹងត្រឡប់មកវិញនៅថ្ងៃទី០១ ខែវិច្ឆិកា ខាងមុខ»

គួរជម្រាបថា យោងតាមរបាយការណ៍ដែលចេញផ្សាយបន្តបន្ទាប់ ដោយសារព័ត៌មានកូរ៉េខាងត្បូង បានឲ្យដឹងថា តារាស្រី Kim Chaewon ក៏ដូចជាតារាល្បីៗមួយចំនួនទៀត ត្រូវរងពាក្យចចាមអារ៉ាម ដោយគ្មានមូលដ្ឋានថា មានជាប់ពាក់ព័ន្ធក្នុងការស៊ើបអង្កេតគ្រឿងញៀន ស្របពេលដែលតារាប្រុសល្បី G-Dragon ត្រូវបានចាប់ខ្លួនជាផ្លូវការពីបទប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និងបច្ចុប្បន្នកំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់ប៉ូសីល៕