(ហាន់ចូវ)៖ ក្រុមបាល់ទះអង្គុយផ្នែកបុរស និងក្រុមបាល់បោះជិះរទេះនារីកម្ពុជា បានបញ្ចប់ភារកិច្ចរបស់ខ្លួនក្នុងការប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេម (Asian Para Games) លើកទី៤ ឆ្នាំ២០២៣ នៅទីក្រុង Hangzhou ប្រទេសចិនហើយ ដោយទទួលបានចំណាត់ថ្នាក់លេខ៥ ដូចគ្នា បន្ទាប់ពីយកឈ្នះក្រុមជប៉ុន និងឡាវ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នេះ។

សម្រាប់ក្រុមបាល់ទះអង្គុយបុរសកម្ពុជា បន្ទាប់ពីឆ្លងកាត់ការប្រកួតជម្រុះក្នុងពូល ​B ដែលមានបេក្ខភាព ៤ក្រុម គឺបានឈរលេខ៣ ក្នុងពូល បន្ទាប់ពីឈ្នះ១ និងចាញ់ ២លើក ខណៈក្រុមអ៊ីរ៉ង់ ឈរលេខ១, កាហ្សាក់ស្ថានលេខ២ និងថៃ ឈរលេខ៤។ ដូច្នេះកម្ពុជា ត្រូវជួបក្រុមជប៉ុន ដែលឈរលេខ៤ ក្នុងពូល A ដើម្បីប្រជែងចំណាត់ថ្នាក់លេខ៥ ហើយជាលទ្ធផលក្រុមបាល់ទះអង្គុយកម្ពុជា បានយកឈ្នះជប៉ុន ៣-១ (សិត) ជាមួយលំដាប់ពិន្ទុ ២៥-២០, ២៤-២៦, ២៥-១៨ និង ២៥-១៩ពិន្ទុ។

ចំណែកក្រុមបាល់បោះជិះរទេះនារីកម្ពុជាវិញ បន្ទាប់ពីបញ្ចប់ការប្រកួតវិលជុំ ដោយឈរលេខរៀងទី៥ ក្នុងចំណោម ៦ប្រទេស គឺបានជួបក្រុមឡាវជាថ្មី ក្នុងជំនួបដណ្ដើមចំណាត់ថ្នាក់លេខ៥ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ហើយបានបន្ដយកឈ្នះក្រុមឡាវ ដោយលទ្ធផល ៦៣-២០ពិន្ទុ ដើម្បីបញ្ចប់បេសកកម្មរបស់ខ្លួន ដោយទទួលបានចំណាត់ថ្នាក់លេខ៥ ខណៈក្រុមឡាវ ទទួលបានចំណាត់ថ្នាក់លេខ៦។ រីឯក្រុមថៃ ឈរលេខ៣ ត្រូវជួបក្រុមឈរលេខ៤ គឺអ៊ីរ៉ង់ ដើម្បីប្រជែងមេដាយសំរឹទ្ធ ខណៈក្រុមកំពូលតារាងចិន ត្រូវជួបក្រុមជប៉ុន ដែលឈរលេខ២ ដើម្បីប្រជែងមេដាយមាស លើវិញ្ញាសាបាល់បោះជិះរទេះនារី ៥នាក់ ទល់ ៥នាក់នៅល្ងាចនេះ។

គួរដឹងថា ក្នុងបេសកកម្មប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅទីក្រុង Hangzhou នេះកម្ពុជា បានបញ្ជូនអត្តពលិក ៦ប្រភេទកីឡាចូលរួមប្រកួត ក្នុងនោះមានអត្តពលិកជនពិការផ្នែកកីឡាអត្តពលកម្ម ហែលទឹក វាយកូនឃ្លីលើតុ បាល់ទះអង្គុយ បាល់បោះជិះរទេះ និងកីឡាវាយសី ខណៈកម្មវិធីប្រកួតផ្លូវការ ចាប់ផ្ដើមពីថ្ងៃទី២២-២៨ ខែតុលា ឆ្នាំ២០២៣។ ទន្ទឹមជាមួយក្រុមបាល់ទះអង្គុយបុរស និងក្រុមបាល់បោះជិះរទេះនារី ដែលបញ្ចប់ការប្រកួត កីឡាករហែលទឹកជនពិការ ខូយ កុយ ក៏បានឡើងជុំផ្ដាច់ព្រ័ត្រលើវិញ្ញាសាហែលកង្កែប ១០០ម៉ែត្រ (SB6) ផងដែរ បន្ទាប់ពីបញ្ចប់ការប្រកួតក្នុងស៊េរី ដោយឈរលេខរៀងទី៣ នាព្រឹកមិញ៕