(ក្រុងឡុងដ៍)៖ ក្លិបបាល់ទាត់ Everton កំពុងប្រឈមមុខទៅនឹងការកាត់ ១២ពិន្ទុចេញពី Premier League ក្នុងរដូវកាលនេះ ក៏ព្រោះតែបានបំពានទៅនឹងច្បាប់ហិរញ្ញវត្ថុដែលត្រូវបានរកឃើញនាពេលថ្មីៗនេះ។

តាមរយៈការចេញផ្សាយដោយគេហទំព័រកីឡា Live Score បានឲ្យដឹងថា League បានបើកបេសកកម្មស្រាវជ្រាវទៅលើក្លិបស្ករគ្រាប់កាលពីខែមីនា ឆ្នាំ២០២៣ ដោយបានរកឃើញថាក្លិបអង់គ្លេសមួយនេះ បានល្មើសទៅនឹងច្បាប់ចាយវាយចុងក្រោយនារដូវកាលឆ្នាំ២០២១-២០២២។

កន្លងមក Everton បានចេញផ្សាយរបាយការណ៍ខាតបង់ប្រចាំឆ្នាំរបស់ពួកគេ រួមទាំងការខាតបង់ក្នុងរយៈពេល ៥ឆ្នាំជាប់ៗគ្នា ដែលមានទំហំទឹកប្រាក់ច្រើនជាង ៤៣០លានផោន ដ្បិតគោលការណ៍របស់លីគ គឺខាតបង់ក្នុងរយៈពេល ៣ឆ្នាំជាប់ៗគ្នា គឺច្រើនបំផុតតែ ១០៥លានផោនប៉ុណ្ណោះ ហើយប្រសិនបើលើសពីនេះ នឹងជាប់បម្រាមហើយ។

យ៉ាងណាក៏ដោយ ក្លិបដែលមានមូលដ្ឋានស្ថិតក្នុងទីក្រុង Liverpool មួយនេះ នៅមានឱកាសប្តឺងជំទាស់ ដ្បិតពួកគេទើបរកបាន ៧ពិន្ទុឈរនៅលេខរៀងទី១៦ ក្រោយឆ្លងកាត់ ៩ប្រកួតក្នុងលីគ ដោយត្រូវប៉ះក្រុមញញួរធំ West Ham United នារាត្រីថ្ងៃអាទិត្យចុងសប្តាហ៍ ស្របពេលគ្រូបង្គោល លោក Sean Dyche បានលើកឡើងក្នុងសន្និសីទថា កូនក្រុមរបស់ខ្លួនផ្តោតតែការប្រកួតលើទីលាន ជាជាងខ្វល់ខ្វាយពីព័ត៌មានរឿងអាស្រូវនៃក្លិប៕