(ភ្នំពេញ)៖ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសផ្សំផ្គុំឲ្យលោក ឌី ពេជ្រ និងកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន នៅប៉ុន្មាននាទីមុននេះរួចមក តារាសម្ដែង ហ៊ិន ច័ន្ទនីរ័ត្ន តួឯកស្រីក្នុងរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី» រូបនេះ បានសម្ដែងនូវការដឹងគុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្ដេចតេជោ ដែលបានយកចិត្តទុកដាក់ចំពោះរូបនាង។

តារាសម្ដែង ហ៊ិន ច័ន្ទនីរ័ត្ន បានសរសេរតាមរយៈបណ្ដាញសង្គមផ្លូវការរបស់នាងថា «កូនគោរពអរគុណសម្តេចពុកដ៏ខ្ពង់ខ្ពស់បំផុត កូនមានសំណាងខ្លាំងណាស់ ដែលទទួលបានការអាណិតស្រឡាញ់ពីសម្តេចពុក សម្តេចម៉ែ..!»

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសផ្សំផ្គុំឲ្យលោក ឌី ពេជ្រ និងតារាសម្ដែងកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បានរៀបអាពាហ៍ពិពាហ៍ នៅខែធ្នូ ខាងមុខនេះ។

តាមបណ្តាញសង្គមនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា «ដើម្បីចៀសវាងមាត់ចាបមាត់ព្រាប ដូចពាក្យចាស់លោកពោលថា មាត់វែងជាងផ្លូវ ជុំវិញកូនប្រុស ឌី ពេជ្រ និងកូនស្រី ហ៊ិន ច័ន្ទនីរ័ត្ន។ ក្នុងឋានៈជាឪពុកធំកូនពេជ្រ ខ្ញុំត្រូវតែចូលរួមរៀបចំឲ្យកូនទាំងពីរ បានចូលរោងការតាមប្រពៃណី។ ថ្ងៃស្អែក ២៧ តុលា ២០២៣ ឪពុកម្តាយខាងប្រុសចូលស្តីដណ្តឹងកូនស្រី។ ថ្ងៃទី២២ ខែធ្នូ ២០២៣ កំណត់ជាថ្ងៃរៀបការ ដែលគ្រួសារទាំងសងខាង និងសាមីខ្លួនបានយល់ស្របតាមខ្ញុំ ដែលជាអាចារ្យធំរៀបចំពេលវេលាបែបនេះ។ ឈាមច្បាស់ជាខាប់ជាងទឹក និងសង្ឃឹមថា ពុំមានអ្នកធ្វើអត្ថាធិប្បាយណា យកទៅបកស្រាយផ្សេងពីនេះទៀតឡើយ»។

សូមរជម្រាបថា កន្លងទៅតារាសម្តែង ហ៊ិន ច័ន្ធនីរ័ត្ន ពុំធ្លាប់មានព័ត៌មានពីរឿងស្នេហាជាមួយនរណាម្នាក់ឡើយ ពោលគឺគេសង្កេតឃើញថា តារាស្រីមានរូបសម្រស់ស្រស់សោភារូបនេះ ផ្តោតតែទៅលើការងារសិល្បៈរបស់ខ្លួនប៉ុណ្ណោះ រហូតប៉ុន្មានឆ្នាំចុងក្រោយនេះ ទទួលបានជោគជ័យមួយកម្រិតទៀត តាមរយៈការសម្តែងជាតួឯកស្រី ក្នុងរឿងប្រវត្តិសាស្ត្រពាក់ព័ន្ធនឹងប្រវត្តិជីវិតរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មានចំណងជើងថា «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី»៕