(បរទេស)៖ ថ្មីៗនេះទទួលបានរបាយការណ៍មកថា ក្រុមហ៊ុន Microsoft កំពុងពិចារណាដកចេញនូវមុខងារ Start Button​ ឬ Start Menu ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ជាច្រើនជំនាន់ Windows មកហើយ ហើយគ្រោងនឹងផ្លាស់ប្តូរទៅប្រើ Copilot AI ជំនួសវិញ ដែលនឹងចាប់ផ្តើមនៅក្នុង Windows12 នេះតែម្តង។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រ NoteBookCheck នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣។

មុខងារ Start Button ឬ Start Menu ត្រូវបាន Microsoft សោះអង្គើយដាក់ចាប់តាំងពី Windows 8 មកម្លេះ ក្រោយបាត់ប្រជាប្រិយភាពពីអ្នកប្រើប្រាស់ខ្លាំង ខណៈអ្នកប្រើប្រាស់ភាគច្រើនបានងាកទៅជ្រើសរើសប្រើ Windows Taskbar សម្រាប់ការដាក់ខ្ទាស់ (Pin) កម្មវិធីនៅលើអេក្រង់តែម្តង។ តែយ៉ាងណាបន្ទាប់ពីមានការរិះគន់ពីអ្នកប្រើប្រាស់មួយចំនួននៅក្នុង Windows 11 បច្ចុប្បន្ននេះ Start Button ក៏ត្រូវបាន Microsoft ផ្លាស់ប្តូរទីតាំងពីជ្រុងខាងឆ្វេង មកជិត Taskbar ជំនួសវិញ។

តែយ៉ាងណាជុំវិញការផ្លាស់ប្តូរនេះនៅមិនទាន់ច្បាស់នៅឡើយនោះទេ ថាតើ Microsoft កំពុងពិចារណាដកមុខងារនេះដោយសារមូលហេតុអ្វី ហើយថាតើអាចនឹងដក ឬក៏អត់ ខណៈហេតុផលខាងលើនេះ គឺជាបញ្ហាដែល Start Button ធ្លាប់ជួបកន្លងមក។

គួរជម្រាបដែរថា Copilot AI គឺជាជំនួយការ AI ថ្មីដែលមានរួចទៅហើយនៅក្នុងកំណែ Windows 11 ដែល Microsoft ដាក់ឱ្យសាកល្បង នឹងអាចប្រើសម្រាប់តែ Preview ប៉ុណ្ណោះ។ ជំនួយការ AI ថ្មីនេះ ត្រូវបានរចនាឡើងដើម្បីជួយអ្នកប្រើប្រាស់នូវកិច្ចការផ្សេងៗដូចជា កំណត់ពេលប្រជុំ ការផ្ញើអ៊ីមែល និងអាចប្រើដើម្បីសរសេរកូដបានផងដែរ៕