(ភ្នំពេញ)៖ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ នេះ ថ្នាក់ដឹកនាំកំពូលៗរបស់ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស រួមមាន អ្នកឧកញ៉ា លាង ឃុន, អ្នកឧកញ៉ា លាង ម៉េង និងបុគ្គលិកជាន់ខ្ពស់ជាច្រើនរូបផ្សេងទៀត បានធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ដើម្បីចូលរួម «BREW ASIA 2023»  ដែលជាសន្និសីទផ្លាស់ប្ដូរបទពិសោធន៍ និងសិក្សាស្វែងយល់បន្ថែមទៀត ពីបច្ចេកវិទ្យាផលិតភេសជ្ជៈទំនើបៗ ចុងក្រោយបង្អស់ ដែលកំពុងប្រើប្រាស់នៅតាមបណ្ដាប្រទេសទាំងអស់ក្នុងតំបន់អាស៊ី និងពិភពលោក។​

សម្រាប់ទស្សនៈវិស័យដ៏វែងឆ្ងាយរាប់រយឆ្នាំ របស់ថ្នាក់ដឹកនាំកំពូល ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស លើការលើកមុខមាត់ប្រទេសកម្ពុជា ក្នុងវិស័យផលិតភេសជ្ជៈ លំដាប់អន្តរជាតិ គឺពិតជាមិននៅទ្រឹងមួយកន្លែងដាច់ខាត។ ជាក់ស្ដែង  បើទោះបីជា បច្ចុប្បន្ននេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ស្ថិតក្នុងលំដាប់ក្រុមហ៊ុនផលិតភេសជ្ជៈឈានមុខគេក្នុងប្រទេសកម្ពុជា និងបានអនុលោមស្របតាម ស្តង់ដាររបស់ពិភពលោក ដោយទទួលបានពានរង្វាន់គ្រប់គ្រងសង្វាក់ផលិតកម្មលំដាប់ពិភពលោក (World Class Operation Management), វិញ្ញាបនបត្របញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងគុណភាពលំដាប់ ISO 9001, វិញ្ញាបនបត្របញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងបរិស្ថាន ISO 14001 និងទទួលបានមេដាយមាសច្រើនជាងគេនៅកម្ពុជា សរុប ចំនួន ៣៣គ្រឿង ពីស្ថាប័នវាយតម្លៃគុណភាពស្តង់ដារកម្រិតពិភពលោក Monde Selection ក៏ដោយ ប៉ុន្តែថ្នាក់ដឹកនាំកំពូល ខ្មែរ ប៊ែវើរីជីស នៅតែតាមដានមិនដាច់ពីក្រសែភ្នែក ជុំវិញការវិវឌ្ឍន៍ចុងក្រោយបង្អស់នៃបច្ចេកវិទ្យាផលិតភេសជ្ជៈ ជុំវិញពិភពលោក។ 

ពិតណាស់! បច្ចេកវិទ្យាចុងក្រោយ ម៉ាស៊ីនវៃឆ្លាតដ៏ទំនើប ដែលបំពាក់ក្នុងរោចក្រផលិតភេសជ្ជៈ ក៏នៅតែទាមទារឱ្យមានធនធានមនុស្សពូកែ ដែលមានចំណេះដឹង ជំនាញ និងបទពិសោធន៍ខ្ពស់ លើការតាមដាន និងបញ្ជា ហេតុដូច្នេះហើយ ទើបជានិច្ចជាកាល អ្នកឧកញ៉ា លាង ម៉េង តែងតែដឹកនាំបុគ្គលិកជំនាញ ធ្វើដំណើរទៅបរទេស ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ និងស្វែងយល់ឥតឈប់ឈរ ពីបច្ចេកវិទ្យាចុងក្រោយបង្អស់របស់ពិភពលោក ក្នុងឧស្សាហកម្មផលិតភេសជ្ជៈនេះ។ 

ជាក់ស្តែង នៅក្នុងសន្និសីទ «ASIA BREW 2023» ក៏មានតាំងពិពណ៍របស់ក្រុមហ៊ុនគ្រឿងចក្រ និងវត្ថុធាតុដើមធំៗក្នុងវិស័យផលិតភេសជ្ជៈពីបណ្តាសហគមន៍អឺរ៉ុបដែលមានក្រុមហ៊ុនដូចជា៖ Zeiman, Krones, Euwa និងក្រុមហ៊ុនយក្សជាច្រើនទៀត ដែលសុទ្ធសឹងជាដៃគូសហការផ្គត់ផ្គង់គ្រឿងចក្រ បច្ចេកវិទ្យាចុងក្រោយ និងគ្រឿងផ្សំ ដើម្បីផលិតស្រាបៀរ និងភេសជ្ជៈ ឱ្យមានគុណភាពខ្ពស់ជាប់លាប់ នៅរោងចក្រ ខ្មែរ ប៊ែវើរីជីស។ 

គួរបញ្ជាក់ថា ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុន របស់សហគ្រិនខ្មែរ និងជាពាណិជ្ជកម្មមួយ របស់ក្រុមហ៊ុន ជីប ម៉ុង ដោយផ្ដោតលើផលិតភេសជ្ជៈ ដែលមានស្តង់ដារលំដាប់អន្តរជាតិ ។ ក្នុងរយៈពេលជាង ១៤ឆ្នាំ មកនេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបន្តបោះទុនវិនិយោគ រាប់ពាន់លានដុល្លារ ក្នុងឧស្សាហកម្មផលិតភេសជ្ជៈនៅកម្ពុជា ដើម្បី ចូលរួមចំណែកលើកស្ទួយ សេដ្ឋកិច្ចជាតិ ជាពិសេស កៀរគង អ្នកជំនាញៗ មកធ្វើការនៅក្រុមហ៊ុន ដើម្បីបើកឱកាសដល់យុវជនខ្មែរ ទទួលបានចំណេះដឹង និងសមត្ថភាពយ៉ាងពិតប្រាកដ លើការប្រើប្រាស់គ្រឿងចក្រទំនើបៗ  ជាមួយបច្ចេកវិទ្យាលំដាប់ពិភពលោកចុងក្រោយបង្អស់ ជាមួយអ្នកជំនាញក្នុងស្រុក និងអ្នកជំនាញអន្តរជាតិ ៕