(ក្រុងឡុងដ៍)៖ Wayne Rooney ដែលជាគ្រូបង្វឹកថ្មីក្លិប Birmingham City បានដឹកនាំលេងចាញ់ ២ប្រកួតជាប់ៗគ្នា ក្នុងក្របខណ្ឌទី២ អង់គ្លេស Championship។

ការបរាជ័យ ២ទល់នឹង០ ក្រោមថ្វីជើងរបស់ក្រុមភ្ញៀវ Hull City នាយប់មិញនេះ បានញាំងឲ្យ Birmingham ធ្លាក់ទៅឈរនៅលេខរៀងទី១២ ដោយមាន ១៨ពិន្ទុជាបណ្តោះអាសន្នផងដែរ ក្នុងចំណោម ២៤ក្រុម គិតត្រឹមសប្តាហ៍ទី១៣ នេះ។

អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេស ដែលបានទទួលថ្មបាក់ពីលោក Eustace ក្រោមកិច្ចសន្យារយៈពេល ៣ឆ្នាំកន្លះនោះ ទើបតែបានដឹកនាំ Birmingham City ចាញ់ Middlesbrough ១-០ ដែលមានអតីតមិត្តរួមក្រុមនៅ Manchester United គឺលោក Michael Carrick ដឹកនាំពី ១ប្រកួតបើកឆាករបស់លោកផងដែរ ក្រោយចូលកាន់តំណែងធំជាគ្រូបង្គោលលើកទី៣ បានរយៈពេល ១០ថ្ងៃ។

ជាមួយនឹងលទ្ធផលដ៏ខកចិត្តនេះដែរ Rooney បានថ្លែងប្រាប់ BBC Radio WM ឲ្យដឹងថា «ក្រុមយើងមានទាំងចំណុចល្អ និងអាក្រក់ដែលត្រូវដោះស្រាយ។ យើងពិតជាខកចិត្តខ្លាំងណាស់ក្នុងការទទួលបានលទ្ធផលបែបនេះ ជាពិសេសក្រោយរបូតគ្រាប់ទី២ នៅពេលកីឡាករមិនអាចធ្វើការវាយបកតាមដែលខ្ញុំប្រាប់សម្រាប់ ១០នាទីចុងក្រោយ។ ខ្ញុំពិតជាបារម្ភខ្លាំងណាស់ និងព្យាយាមមិនឲ្យវាកើតឡើងម្តងទៀតឡើយ។ យើងត្រូវតែអត់ធ្មត់ ថាយើងនឹងធ្វើបានល្អ ក្រោយពីរៀនសូត្រពីកំហុសនានា»

ប្រកួតបន្ទាប់ Birmingham City នឹងធ្វើដំណើរទៅជួបក្រុម Southampton ក្រុមដែលទើបធ្លាក់ពី Premier League រដូវកាលមុន នារាត្រីថ្ងៃសៅរ៍ចុងសប្តាហ៍ ដែលកំពុងឈរនៅលេខរៀងទី៥ ក្រោយលេងស្មើចុងម៉ោងទល់នឹង Preston៕