(បរទេស)៖ ការប្រកួតសន្សំពិន្ទុតាមពូលសម្រាប់ជើងទី១ នៃពានរង្វាន់អឺរ៉ុប UEFA Champions League 2023-2024 ត្រូវបានបញ្ចប់ជាស្ថាពរហើយនាយប់មិញនេះ គ្រាដែលមានតែ ៤ក្រុមប៉ុណ្ណោះរកបាន ៩ពិន្ទុពេញផងដែរ។

មេឃខៀវ Manchester City ដែលជាក្រុមការពារតំណែងជើងឯកនោះ បន្តរកបានជ័យជម្នះលើកទី៣ ជាប់ៗគ្នា នៅពេលយកឈ្នះម្ចាស់ផ្ទះ Young Boys របស់ស្វីស ៣ទល់នឹង១ ដើម្បីបន្តក្តោបក្តាប់តំណែងកំពូលតារាងនៃពូល G ដោយមាន ៩ពិន្ទុផងដែរ ក្នុងចំណោម ៤ក្រុមរបស់អង់គ្លេសដែលឡើងមកលេងវគ្គចែកពូល ៣២ក្រុមចុងក្រោយនេះ ដែលធ្វើបានល្អជាងគេ ក្រៅពី Manchester United, Arsenal និង Newcastle United។

ដូចគ្នានោះដែរចំណែកឯ Bayern Munich ក៏ជាក្រុមតែមួយគត់របស់អាល្លឺម៉ង់ ដែលធ្វើបានល្អនេះដូចគ្នា តាមរយៈលេង ៣ប្រកួត មិនដែលស្មើ និងចាញ់ឡើយ ដោយរកបាន ៩ពិន្ទុពេញឈរនៅកំពូលតារាងនៃពូល A ជាមួយនឹងលទ្ធផលចុងក្រោយបានបំបាក់ម្ចាស់ផ្ទះ Galatasaray របស់តួកគី ៣-១ កាលពីរាត្រីពុធ ទី២៥ ខែតុលា ឆ្នាំ២០២៣។

ចំណែកឯ ២ក្រុមទៀតរបស់អេស្ប៉ាញវិញរួមមាន FC Barcelona និង Real Madrid ក៏ជាក្រុមធំដែលរកបាន ៩ពិន្ទុពេញផងដែរ ក្រោយឆ្លងកាត់ ៣ប្រកួត ដើម្បីបញ្ចប់ជើងទី១ វគ្គសន្សំពិន្ទុនៅពេលក្រុមអ្នកមានបុណ្យយកឈ្នះក្រុមមកពីអ៊ុយក្រែន Shakhtar Donetsk ២-១ ក្នុងការឈរនៅកំពូលតារាងប្រចាំពូល H ចុងក្រោយគេ ស្របពេលអធិរាជស Real Madrid ក៏បានបន្ថែម ៣ពិន្ទុក្រៅដី តាមរយៈយកឈ្នះ Braga របស់ព័រទុយហ្គាល់ ២-១ ក្នុងការកាន់កាប់កំពូលតារាងនៃពូល C បន្តទៀតដែរ។

គួរបញ្ជាក់ផងថា ការប្រកួតក្នុងជើងទី២ នៃវគ្គចែកពូល Champions League នឹងបន្តធ្វើឡើងចាប់ពីថ្ងៃទី០៧ ខែវិច្ឆិកា និងបញ្ចប់ទៅវិញនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣៕