(ភ្នំពេញ)៖ Legend Premium Cinema x AAIFF បានបង្កើតមហោស្រពភាពយន្ត ដែលចាក់បញ្ចាំងភាពយន្តមានព្រលឹង ហើយទទួលបានការចូលរួមយ៉ាងច្រើនកោះករនៅរោងភាពយន្ត លេជេន ព្រីមៀម អូឡាំព្យា ដើម្បីអបអរសាទរ ការបើកមហោស្រពភាពយន្តឯករាជ្យអាស៊ី និងមហោស្រពភាពយន្តឯករាជ្យអឺរ៉ុប (AAIFF/ÉCU) ដែលបានប្រព្រឹត្តទៅ នាយប់ថ្ងៃព្រហស្បតិ៍ ទី ១៨ ខែតុលា ឆ្នាំ ២០២៣។

មហោស្រពភាពយន្តនេះ បានចាក់បញ្ចាំងខ្សែភាពយន្តចំនួន ៣៩ មកពី២២ប្រទេស និងបញ្ចាំងចាប់ពីម៉ោង ៦ ល្ងាចរហូតដល់ម៉ោង១០យប់ ថ្ងៃទី ២០, ២១ និង២២ ខែតុលា ឆ្នាំ ២០២៣។

លោក Scott Hiller ជាស្ថាបនិក និងប្រធានរបស់ AAIFF / UCU បានលើកឡើងថា «ពួកយើងជឿថាពួកយើងកំពុងបង្ហាញខ្សែភាពយន្តឯករាជ្យដ៏ល្អបំផុតរបស់ពិភពលោក។ ខ្សែភាពយន្តឯករាជ្យដែលមានព្រលឹង។ ខ្សែភាពយន្តទាំងនោះប្រៀបបាន ដូចជាសៀវភៅដ៏ល្អមួយក្បាល ដែលអ្នកអានមិនអាចដាក់ចុះ ហើយនៅពេលអ្នកដាក់វាចុះ អ្នកប្រាកដជាគិតអំពីវា»

AAIFF ក៏បានរៀបចំកម្មវិធីសិក្ខាសាលាជំនាញចំនួនបី ក្នុងអំឡុងពេលមហោស្រពភាពយន្តនេះផងដែរ សិក្ខាសាលានីមួយៗគឺចាប់ពីម៉ោង ១៣:០០ ដល់ ១៧:០០ថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ ប្រធានបទគឺនិយាយអំពី ការថតភាពយន្ត ការដឹកនាំភាពយន្ត និងការទីផ្សារភាពយន្ត ហើយចំពោះតម្លៃសំបុត្រគឺ ២៥ដុល្លារសម្រាប់មនុស្សម្នាក់ ៤០ដុល្លារសម្រាប់មនុស្សពីរនាក់ ឬ ៥០ដុល្លារសម្រាប់មនុស្សបីនាក់។ សម្រាប់អ្នកដែលចង់ចូលរួមសិក្ខាសាលាខាងលើ អាចចូលទៅកាន់គេហទំព័រ https://beacons.ai/aaifilmfestival

នាយកគ្រប់គ្រងរបស់ រោងភាពយន្ត លេជេន លោក រស់ ទេវនាថ បានលើកឡើងថា «ពួកយើងចង់ពង្រីកទីផ្សារខ្សែ និងភាពយន្តខ្មែរ ឲ្យលើសព្រំដែនកម្ពុជា។ ជាពិសេសយើងចង់ទទួលបានការទទួលស្គាល់នៅជុំវិញអាស៊ីអាគ្នេយ៍។ ក្នុងឆ្នាំ២០២៣នេះ មានខ្សែភាពយន្តប្រមាណ ២០រឿង បានផលិតដោយ ផលិតកររបស់ប្រទេសកម្ពុជា។ ប្រសិនបើយើង ប្រៀបធៀបទៅនឹងឆ្នាំ ២០២៩ មុនការរាតត្បាតមេរោគកូវីដ១៩ វាបង្ហាញពីការរីកចម្រើនដ៏ល្អ នៅក្នុងទីផ្សារនៅក្នុងលក្ខខណ្ឌនៃបរិមាណ និងគុណភាពរបស់ភាពយន្តយើង»។

នៅពេលសួរថា តើផលិតកម្មភាពយន្តអន្តរជាតិ ជ្រើសរើសប្រទេសកម្ពុជា ជាទីតាំងថតបានជះឥទ្ធិពលដល់សេដ្ឋកិច្ចក្នុងស្រុកដោយរបៀបណា? លោក រស់ ទេវនាថ បានឆ្លើយតបវិញថា គឺជួយ ដោយការបង្កើននូវកំណើននៃវិស័យទេសចរណ៍។
លោកបានបន្តរទៀតថា «វាជាឱកាសដ៏ល្អសម្រាប់ប្រទេសកម្ពុជា ក្នុងការបង្ហាញខ្លួនទៅកាន់ពិភពលោក។ យើងមានកន្លែងល្អៗ និងវប្បធម៌ដ៏អស្ចារ្យដើម្បីផ្សព្វផ្សាយដល់ពិភពលោក។ ក្នុងនាមជារោងយន្ត ដែលបង្កើត និង គ្រប់គ្រងដោយជនជាតិខ្មែរ យើងពិតជាមានឆន្ទៈ ចូលរួមចំណែកដល់វិស័យមួយនេះ។ តាមរយៈការរៀបចំមហោស្រពភាពយន្តឯករាជ្យអាស៊ី និងមហោស្រពភាពយន្តឯករាជ្យអឺរ៉ុប ដោយផ្តល់ការបញ្ចាំងជូនសាធារណៈជនដោយមិនគិតថ្លៃ វាជាការលើកទឹកចិត្តដល់ផលិតករដែលបានដាក់បញ្ចាំងភាពយន្តខ្លួនក្នុងរោងភាពយន្ត ឱ្យផលិតភាពយន្តបន្ថែមទៀត។ ហើយយើងក៏ចង់ឱ្យទស្សនិកជន បានទស្សនាខ្សែភាពយន្តកាន់តែច្រើនរសជាតិ»

នាយកប្រតិបត្តិនៃគណៈកម្មការភាពយន្តកម្ពុជា លោក ចៀប សុវិជ្ជា លើកឡើងថា មានការចាប់អារម្មណ៍ខ្លាំង នៅពេលលោកបង្ហោះសារលើគណនី Facebook ថា «ខ្ញុំបានចែករំលែកព័ត៌មានទៅកាន់ផលិតករភាពយន្ត ក្នុងស្រុករបស់យើង ហើយពួកគាត់បានសួរសំណួរជាច្រើន»

លោក មួង រិទ្ធី ផលិតករភាពយន្តក្នុងស្រុក បានសម្តែងចំណាប់អារម្មណ៍ថា ភាពយន្តដែលមាននៅក្នុងមហោស្រព គឺជារឿងដែលប្រជាជនកម្ពុជាកម្របានឃើញណាស់។ វាក៏បានផ្តល់នូវឱកាសសម្រាប់បណ្តាញទំនាក់ទំនង់ ឲ្យអ្នកផលិតខ្សែភាពយន្តផងដែរ។ ហើយវាពិតជារឿងដ៏ល្អណាស់ដែលពួកយើងអាចភ្ជាប់ទំនាក់ទំនងគ្នាបានបន្ទាប់ពី ការរាតត្បាតមេរោគកូវីដ១៩។ សិក្ខាសាលាគឺជាឱកាសដ៏ល្អមួយសម្រាប់ពួកយើង ដើម្បីរៀនសូត្រពីផលិតករភាពយន្តដែលទទួលបានពានរង្វាន់ និងចែករំលែកចំណេះដឹងរបស់ពួកគាត់។ វាជាពេលវេលាមាសប្រាក់សម្រាប់យើង ក្នុងការចាប់យកបទពិសោធន៍របស់ពួកគាត់»។

លោក រស់ ទេវនាថ បានបន្ថែមទៀតថា «ក្នុងភាពជាដៃគូជាមួយ AAIFF គោលដៅ និងទស្សនៈវិស័យរវាងយើងទាំងពីរគឺដូចគ្នា ដែលជាការនាំមកនូវការរីកចម្រើនជាបន្តបន្ទាប់ ដល់ឧស្សាហកម្មភាពយន្តនៅកម្ពុជា ក៏ដូចជាការលើកស្ទួយ និងគាំទ្រផលិតករភាពយន្តឯករាជ្យ»។

បេសកកម្មរបស់ រោងភាពយន្ត លេជេន ត្រូវបានកំណត់លក្ខណៈដោយការប្តេជ្ញាចិត្តជាប់លាប់ ក្នុងការច្នៃប្រឌិតបច្ចេកវិទ្យាឈានមុខគេ។ ក្រុមហ៊ុនបាននាំយកនូវបច្ចេកវិទ្យាភាពយន្តបែប 3D មកប្រទេសកម្ពុជា ដែលជាសក្ខីភាពនៃការខិតខំប្រឹងប្រែងរបស់ពួកយើង ក្នុងការបង្កើនបទពិសោធន៍នៃការទស្សនាភាពយន្តក្នុងស្រុក។ ការនាំយកមកនូវបច្ចេកវិទ្យាបែបទំនើបដូចជា Dolby Atmos និង Giant Screen កាន់តែពង្រឹងជំហរដល់ក្រុមហ៊ុនក្នុងមុខតំណែង ជាអ្នកនាំមុខគេក្នុងវិស័យមួយនេះ។

លើនេះទៅទៀត សាល Diamond Class របស់ រោងភាពយន្ត លេជេន ដែលផ្តល់ជូននូវបទពិសោធន៍នៃការទស្សនាភាពយន្តប្រកបទៅដោយប្រណិតភាព ដែលបង្ហាញពីការយកចិត្តទុកដាក់របស់ម៉ាកយីហោ រោងភាពយន្ត លេជេន ទៅលើសេវាកម្មដែលផ្ដល់ឲ្យអតិថិជនលំដាប់ខ្ពស់ និងការផ្តល់ជូនការកម្សាន្តតែមួយគ្មានពីរ៕

រោងភាពយន្ត លេជេន ព្រីមៀម អូឡាំព្យា នៅទីក្រុងភ្នំពេញ បានប្រារព្ធពិធីបើកមហោស្រពភាពយន្តឯករាជ្យអាស៊ី និងមហោស្រពភាពយន្តឯករាជ្យអឺរ៉ុប (AAIFF/ÉCU) នៅថ្ងៃព្រហស្បតិ៍ ទី 19 ខែតុលា ឆ្នាំ 2023

នាយកប្រតិបត្តិនៃគណៈកម្មការភាពយន្តកម្ពុជា សុវិជ្ជា ចៀប(L) ជាមួយភ្ញៀវកិត្តិយសក្នុងពិធីបើកមហោស្រពភាពយន្តឯករាជ្យអាស៊ី និងមហោស្រពភាពយន្តឯករាជ្យអឺរ៉ុប (AAIFF/ÉCU) នៅរាជធានីភ្នំពេញ នាថ្ងៃព្រហស្បតិ៍ ទី19 ខែតុលា ឆ្នាំ2023

ស្ថាបនិក AAIFF/ECU និងជាប្រធាន លោក Scott Hiller (L) និងនាយកគ្រប់គ្រង រោងភាពយន្ត លេជេន លោក រស់ ទេវនាថ (R) នៅមហោស្រពភាពយន្តឯករាជ្យអាស៊ី និងមហោស្រពភាពយន្តឯករាជ្យអ៊ឺរ៉ុប (AAIFF/ÉCU) នៅទីក្រុងភ្នំពេញកាលពីថ្ងៃព្រហស្បតិ៍ ទី 19 ខែតុលា ឆ្នាំ 2023

អ្នកគាំទ្រប្រារព្ធពិធីបើកមហោស្រពភាពយន្តឯករាជ្យអាស៊ី និងមហោស្រពភាពយន្តឯករាជ្យអឺរ៉ុប (AAIFF/ÉCU) នៅរោងកុន
លេជេន ព្រីមៀម អូឡាំព្យា នៅរាជធានីភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៍ ទី 19 ខែតុលា ឆ្នាំ 2023