(បរទេស)៖ តារាចម្រៀងប្រុសល្បីឈ្មោះរបស់អង់គ្លេស Ed Sheeran ត្រូវបានរាយការណ៍មកថា នឹងធ្វើការប្រគំតន្ត្រីនៅក្នុងប្រទេសសិង្ហបុរីនៅខែកុម្ភៈ ឆ្នាំក្រោយនេះ ខណៈសំបុត្រលក់ជាមុន នឹងចាប់ផ្តើមលក់នៅថ្ងៃទី២៧ ខែតុលានេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣។

តារាចម្រៀង ម្ចាស់ពានរង្វាន់ Grammy រូបនេះ​គ្រោងធ្វើដំណើរទៅប្រទេសសិង្ហបុរី សម្រាប់កម្មវិធីមួយយប់នៅពហុកីឡដ្ឋាន ជាតិនៃប្រទេសនេះ។ លើសពីនេះ លោកបាននាំយកតារាចម្រៀងអង់គ្លេស Calum Scott មកធ្វើជាភ្ញៀវផងដែរ។ សំបុត្រសម្រាប់ការប្រគំតន្ត្រីនឹងមានតម្លៃចន្លោះពីខ្ទង់៦៤ដុល្លារទៅ ៣៥៥ដុល្លារ  ហើយអាចទិញបានតាមរយៈគេហទំព័រ Ticketmaster បានផងដែរ។ ចំពោះអ្នកមានកាត UOB អាចរីករាយជាមួយការទិញជាមុនចាប់ពីម៉ោង១០ព្រឹក ថ្ងៃទី២៧ ខែតុលា រហូតដល់ម៉ោង ៩៖៥៩ព្រឹក ថ្ងៃទី ២៩ ខែតុលា។ តែយ៉ាងណា សម្រាប់ការលក់ទូទៅនឹងចាប់ផ្តើមពីម៉ោង១១ព្រឹក ថ្ងៃទី៣១ ខែតុលា។

គួរជម្រាបថា Ed Sheeran ធ្លាប់មានកំណត់ត្រាលក់សំបុត្របានច្រើននៅទូទាំងពិភពលោក ត្បិតដំណើរប្រគំតន្ត្រីទេសចរណ៍កន្លងទៅរបស់លោក គឺអាចរកចំណូលបានខ្ពស់បំផុតជាង៧៧៦លានដុល្លារអាមេរិកឯណោះ៕