(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា, ក្រុមហ៊ុន Meta និងអង្គការ ខេប នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះ បានសហការគ្នា ដើម្បីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ឯកសារបណ្តុះបណ្តាល អក្ខរកម្មឌីជីថលខ្មែរ (KDLP) សម្រាប់ប្រើប្រាស់នៅសាលារៀនជំនាន់ថ្មី ក្រោមអធិបតីភាព លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំ ក្រសួងអប់រំ យុវជន និងកីឡា។

ពិធីនេះ មានអ្នកចូលរួមប្រមាណ ជា៥០នាក់ ដែលជាក្រុមការងារក្រសួងអប់រំ យុវជន និងកីឡា ក្រុមការងារបច្ចេកទេស នាយកសាលា និងគ្រូបង្គោលទាំង១២ តំណាងក្រុមហ៊ុន Meta និងក្រុមការងារអង្គការខេប។

លោកស្រី គឹម សេដ្ឋានី បានលើកឡើងថា ក្នុងរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត វិស័យអប់រំត្រូវបានចាត់ទុកជាវិស័យអាទិភាពមួយ ក្នុងចំណោមកំណែទម្រង់សំខាន់ៗ របស់រាជរដ្ឋាភិបាលកម្ពុជា។

លោកស្រីបានវាយតម្លៃខ្ពស់ កោតសរសើរ និងអបអរសាទរ ចំពោះក្រុមការងារក្រោមការគាំទ្រដោយក្រុមហ៊ុន មេតា ដែលសម្រេចបានការងារ និងឈានដល់ការសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ឯកសារបណ្តុះបណ្តាលអក្ខរកម្មឌីជីថលខ្មែរនេះឡើង ដែលជាផ្នែកមួយក្នុងការលើកកម្ពស់ការអប់រំឌីជីថលនៅកម្ពុជា។

ពិធីនេះ បានប្រព្រឹត្តទៅមានគោលបំណង ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ឯកសារបណ្តុះបណ្តាលអក្ខរកម្មឌីជីថលខ្មែរនៅកម្ពុជា និងអត្ថប្រយោជន៍នៃឯកសារបណ្តុះបណ្តាលនេះ សម្រាប់គ្រូ និងសិស្ស នៅក្នុងសាលារៀនជំនាន់ថ្មី បង្កើនកិច្ចសហការល្អរវាងក្រហ៊ុន Meta ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការ ខេប។

ការដាក់ឲ្យប្រើប្រាស់នេះ ដើម្បីធ្វើឲ្យប្រសើរឡើង នូវការសិក្សាបែបឌីជីថល ក្នុងចំណោមសិស្ស នៅក្នុងក្របខណ្ឌសាលារៀនជំនាន់ថ្មី ដែលជាការចូលរួមចំណែកដ៏សំខាន់មួយ ដល់ការអប់រំឌីជីថលនៅកម្ពុជា និងជំរុញការអភិវឌ្ឍជំនាញឌីជីថល នៅកម្រិតមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិនាពេលអនាគត៕