(ភ្នំពេញ)៖ តារា TikTok លោក Nook Nook ត្រូវបានមហាជនស្គាល់ថា ជាអ្នកផលិតមាតិកាអប់រំ ជាវីដេអូសប្បុរសធម៌ ចែករំលែកទានដល់ចាស់ជរាមានការខ្វះខាត នៅលើបណ្តាញសង្គមដ៏ឆ្នើមមួយរូបប្រចាំប្រទេសកម្ពុជា។ រាល់វីដេអូរបស់លោក Nook Nook ដែលបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក និងតិកតុក តែងតែទទួលបានការស្ងើចសរសើរ និងការគាំទ្រមិនដាច់ឡើយ ព្រោះសុទ្ធសឹងតែជាមាតិកាមានប្រយោជន៍ ដល់សង្គម បង្កប់នូវអត្ថន័យអប់រំ សម្រាប់ក្មេងជំនាន់ក្រោយ

ជាក់ស្តែងហ្វេសប៊ុកផេករបស់ លោក​Nook Nook ដែលមានឈ្មោះថា Nook Nook idol មានអ្នកតាមដានរហូតដល់​409k និងតិកតុកមានអ្នកតាមដាន 889.1K និងអ្នកចុចឡាយវីដេអូរហូតដល់ទៅ 14.4M ឯណោះ។​

ថ្លែងប្រាប់ Fresh News Plus លោក​Nook Nook បានឲ្យដឹងថា ការមកធ្វើមាតិកាអប់រំ ចែករំលែកលើបណ្តាញសង្គម គឺជាចំណង់ចំណូលចិត្តរបស់លោក ជាពិសេសលោកចង់ផ្ងើសារទៅកាន់បងប្អូនចូលរួមសាងអំពើល្អជួយសង្គមឲ្យបានច្រើន អ្វីដែលពិសេសគីចាស់ជរា និងក្មេងកំព្រា។​

លោក Nook Nook បានបន្ថែមថា «ខ្ញុំគ្រាន់តែធ្វើតាមបេះដូងខ្លួនឯង ធ្វើចេញពីចិត្ត ហើយចូលចិត្តចែករំលែកនូវមាតិកាដែលមានប្រយោជន៍ដល់សង្គមជាតិ និងអ្នកដែលកំពុងទស្សនាវីដេអូរបស់ខ្ញុំ។ ខ្ញុំពុំដែលប៉ងប្រាថ្នាចង់ល្បីអ្វីនោះទេ»។​

ក្រៅពីនេះលោក Nook Nook គឺជាមនុស្សដែលចូលចិត្តចែករំលែកនូវក្ដីស្រលាញ់ នឹងការរាប់អាន និងសារលើកទឹកចិត្តដល់មហាជនតាមរយៈការបង្កើតនូវមាតិការអប់រំ មានខ្លឹមសារ មានប្រយោជន៍ដល់អ្នកទស្សនា សម្រាប់ការយកទៅអនុវត្តន៍តាម ឬត្រិះរិះពិចារណា។ មិនត្រឹមតែប៉ុណ្ណោះលោក Nook Nook ក៏បានបរិច្ចាគនូវថវិកា ផ្ទាល់ខ្លួន ជួយដល់កុមារកំព្រា និង មនុស្សចាស់ជរាផងដែរ៕