(បរទេស)៖ ទីបំផុតសេវាកម្មស្រ្ទីមតន្រ្តី YouTube Music ឥឡូវនេះត្រូវបានដាក់ឱ្យគាំទ្រជាផ្លូវការនៅលើឧបករណ៍ចាក់តន្ត្រី HomePod របស់ Apple ហើយ ដែលនេះជាដំណឹងដ៏ល្អសម្រាប់ សម្រាប់អ្នកប្រើប្រាស់សេវាកម្មបង់ប្រាក់ (Subscribers) YouTube Music ទាំងអស់ដែលជាម្ចាស់ HomePod ផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣។

នេះមានន័យថា សម្រាប់អ្នកប្រើប្រាស់សេវាកម្មបង់ប្រាក់ទាំងអស់នឹងអាចប្រើការបញ្ជាដោយសម្លេងជាមួយនឹង Siri ដើម្បីចាក់តន្រ្តីពី YouTube Music នៅលើ HomePod ដោយមិនចាំបាច់ប្រើ iPhone ឬ iPad នោះឡើយ។ ជាឧទាហរណ៍នោះគឺ អ្នកប្រើប្រាស់អាចប្រើពាក្យ «Hey Siri, play my favorite songs on YouTube Music» ឬក៏ «Hey Siri, play the new album by [ឈ្មោះបទចម្រៀង] on YouTube Music»

ដូច្នេះដើម្បីអាចប្រើប្រាស់មុខងារថ្មីចុងក្រោយនេះបាន ជំហ៊ានដំបូងនោះគឺត្រូវដំឡើងទៅកំណែចុងក្រោយបំផុតរបស់ YouTube Music តាមរយៈ iPhone ឬ iPad ជាមុនសិន។ បន្ទាប់មកបើក App របស់ YouTube នៅស្មាតហ្វូន ចូលទៅកាន់ Setting ជ្រើសយកពាក្យ Connected Apps និងចុច Connect ជាមួយ HomePod ជាការស្រេច៕