(បរទេស)៖ ទស្សនិកជនបានជ្រាបហើយថា រឿង James Bond 007: No Time To Die ដែលសម្តែងដោយ កំពូលតារាសម្តែងអង់គ្លេស Daniel Craig (ដានីញ៉ែល ក្រេក) នោះ ត្រូវបានគេដឹងថា ជាការសម្តែងជាតួអង្គភ្នាក់ងារសម្ងាត់ James Bond 007 លើកចុងក្រោយរបស់តារារូបនេះហើយ ខណៈសាច់រឿងមិនទាន់បញ្ចប់នៅឡើយ និងមានវគ្គបន្តទៀត។ ស្របពេលដែលលោក Daniel Craig ចាកចេញពីការសម្តែង រហូតមកទល់នឹងពេលនេះ គឺអ្នកនិពន្ធមិនទាន់រកតួប្រុសថ្មីមកជំនួសលោកបានឡើយ ខណៈការថតក៏មិនទាន់ចាប់ផ្តើម។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន International The News នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣។

យោងតាមលោកស្រី Barbara Broccoli ដែលជាអ្នកផលិតភាពយន្តនេះ បានផ្តល់បទសម្ភាសន៍មួយជាមួយ The Guardian ដោយបង្ហើបថា រហូតមកទល់នឹងពេលនេះ វគ្គថ្មីនៃរឿង James Bond គឺមិនទាន់ផលិតនៅឡើយទេ បន្ទាប់ពីលោក Daniel Graig បានចាកចេញពីការសម្តែងរបស់លោកអស់រយៈពេល២ឆ្នាំមកនេះ។ បញ្ហាគឺនៅត្រង់ថា ក្រុមការងារផលិតមិនទាន់រកបានតួប្រុសថ្មីមកជំនួស លោក Daniel Graig បាននៅឡើយ។

គួរជម្រាបថា ភាពយន្ត «No Time To Die» គឺជាការវិលត្រឡប់មកវិញ របស់តារាសម្ដែង Daniel Craig (ដានីញ៉ែល ក្រេក) ក្នុងនាមជាភ្នាក់ងារសម្ងាត់អង់គ្លេសជាលើកទី៥ ហើយក៏ជាលើកចុងក្រោយផងដែរ។ តារាសម្តែង Daniel Craig បានប្រើប្រាស់ពេលវេលាប្រមាណ១៥ឆ្នាំមកហើយ ក្នុងការសម្តែងជាតួអង្គមេបញ្ជាការ តាមរយៈការដើរតួជាតួអង្គ James Bond ដោយភាពយន្តដំបូង គឺមានចំណងជើងថា «Casino Royale» ចេញឆ្នាំ២០០៦ នៃការដើរតួជា James Bond របស់លោក។ លោក Daniel Craig ត្រូវបានតែងតាំងជាផ្លូវការ ក្នុងតំណែងជាមេបញ្ជាការកិត្តិយស កងទ័ពជើងទឹករបស់អង់គ្លេស ខណៈការទទួលបានតំណែងមួយនេះ បន្ទាប់ពីលោក Daniel Craig បានសម្តែងជាតួអង្គមេបញ្ជាការក្នុងរឿង «James Bond» អស់រយៈពេល១៥ឆ្នាំ៕