(បរទេស)៖ ក្រុមបាល់ទាត់ស្រ្តីចាម៉ៃកា បានបដិសេធក្នុងការវិលទៅលេងឲ្យជម្រើសជាតិវិញ ក៏ព្រោះតែសហព័ន្ធបាន ពន្យារពេលបើកប្រាក់ឧបត្ថម្ភដល់ពួកគេ ពីព្រឹត្តិការណ៍ Women’s World Cup 2023 កន្លងទៅថ្មីៗនេះ។

កីឡាការិនីទាំងនោះបាននិយាយថា គិតមកទល់នឹងពេលនេះ ពួកគេនៅពុំទាន់ទទួលបានប្រាក់ឧបត្ថម្ភណាមួយនៅឡើយទេពីការខិតខំប្រឹងប្រឹងប្រកួត World Cup 2023 នៅប្រទេសណូវែលហ្សេឡង់ និងអូស្រា្តលី។

លើសពីនេះទៀត ពួកគេគ្រាន់តែបានដឹងថា ពួកគេមានគ្រូបង្វឹកថ្មីចូលដឹកនាំ តាមរយៈបណ្តាញសង្គមប៉ុណ្ណោះ ដ្បិតពួកគេបានបញ្ចេញអស់សមត្ថភាពក្នុងការដណ្តើមបានកៅអីទៅលេងជុំចុងក្រោយ World Cup ជាលើកដំបូងកាលពីអំឡុងខែកក្កដា និងសីហាកន្លងទៅ។

នៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់ក្រុមកីឡាការិនីចាម៉ៃកាដែលត្រូវបានដកស្រង់ចេញផ្សាយដោយ BBC ឲ្យដឹងថា «វាជាការសម្រេចចិត្តមួយដ៏លំបាក ក៏ប៉ុន្តែពួកយើងត្រូវតែធ្វើ។ ពួកយើងមានអារម្មណ៍ថា មិនចាំបាច់លេងឲ្យជម្រើសជាតិទេ ដរាបណាបញ្ហាត្រូវបានដោះស្រាយជាមួយសហព័ន្ធ»

កាលពីថ្ងៃសុក្រសប្តាហ៍មុន សហព័ន្ធបាល់ទាត់ចាម៉ៃកា (JFF) បានបញ្ចេញបញ្ជីឈ្មោះ ក៏ដូចជាកោះហៅកីឡាការិនី ប្រកបដោយបទពិសោធន៍ចំនួន ២៣នាក់ ដើម្បីលេង ២ប្រកួតជម្រុះពានប្រចាំតំបន់អាមេរិកខាងជើង CONCACAF-Gold Cup ទល់នឹងស្រ្តីប៉ាណាម៉ា ២ប្រកួតសម្រាប់ចុងខែតុលា ឆ្នាំ២០២៣ នេះ៕