(បាសេឡូណា)៖ កីឡាករយុវជនវ័យទើបតែ ១៧ឆ្នាំ Marc Guiu ជាអ្នកស៊ុតគ្រាប់ជ័យជម្នះឲ្យម្ចាស់ផ្ទះ FC Barcelona ទៅលើ Athletic Bilbao ១-០ បន្ទាប់ពីត្រូវបានដាក់ឲ្យចូលលេងទើបតែបាន ៣៣វិនាទីប៉ុណ្ណោះ។

ក្នុងប្រកួតដែលត្រូវបានធ្វើឡើងនៅកីឡដ្ឋាន Camp Nou ប្រចាំសប្តាហ៍ទី១០ ជើងទី១ នៃ La Liga នារាត្រីឆ្លងចូលព្រឹកថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០២៣ (ម៉ោងនៅកម្ពុជា) Guiu បានប្រើពេលលេងតែ ៣៣នាទីប៉ុណ្ណោះ បន្ទាប់ពីត្រូវបានប្តូរចូលជំនួសកីឡាករវ័យក្មេងដូចគ្នា Fermin Lopez នៅនាទី៧៩ ក្នុងការរកបាន ៣ពិន្ទុ ដែលជាគ្រាប់ដំបូងរបស់គេផងដែរ ក្នុងក្របខណ្ឌលីគកំពូលអេស្ប៉ាញ ពីការចូលលេងលើកទី២ ក្នុងក្រុមធំ Barcelona។

ជាមួយគ្នានោះ Guiu ក៏បានក្លាយជាកីឡាកររកបានគ្រាប់ក្នុងលីគដ៏លឿនបំផុតផងដែរ ក្នុងប្រវត្តិសាស្រ្តរបស់ក្លិបអ្នកមានបុណ្យ FC Barcelona តាមរយៈជ័យជម្នះនេះមានន័យថា ក្រុមការពារតំណែងជើងឯកមួយនេះ បន្តប្រដេញតាមក្រុមកំពូលតារាង Real Madrid មកនៅត្រឹម ១ពិន្ទុប៉ុណ្ណោះ ក្រោយឆ្លងកាត់ ១០ប្រកួតដូចគ្នាពីពិន្ទុសរុប ២៤ និង២៥ ដែលត្រូវប៉ះគ្នាក្នុងជំនួប El Clasico នាថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។

ថ្លែងក្រោយចប់ការប្រកួត អ្នកចាត់ការទូទៅ Barcelona លោក Xavi Hernandez បានឲ្យដឹងថា «ខ្ញុំបានប្រាប់គាត់រួចហើយ (Guiu) ពីឱកាសដ៏ល្អមួយ។ ខ្ញុំពេញចិត្តដែលក្មេងម្នាក់នេះធ្វើបាន ដោយគ្មានភាពភ័យខ្លាច»