(ឡុងដ៏)៖ ក្រុម Aston Villa បានឡើងមកឈរលេខរៀងទី៥ ក្រោយពីបានយកឈ្នះក្រុម West Ham United លទ្ធផល ៤-១ ខណៈក្រុម Manchester City យកឈ្នះក្រុម Brighton ២-១ បន្តក្តីសង្ឃឹមចំពោះឱកាសការពារតំណែងជើងឯកលីគ Premier League ដ្បិតមាន ២១ពិន្ទុស្មើជាមួយក្រុមកាំភ្លើងធំ Arsenal គិតត្រឹមសប្តាហទី៩ ជើងទី១។

ស្ថិតក្នុងការប្រកួត Aston Villa បានស៊ុត ៤គ្រាប់ទៅលើក្រុមគូប្រជែង West Ham ពីការធ្វើបានដោយកីឡាករ Douglsa Luiz រកបាន ២គ្រាប់ម្នាក់ឯង ជាមួយកីឡាករ Watkins និង Bailey ថែមម្នាក់ ១គ្រាប់នៅនាទីចុងម៉ោង ខណៈកីឡាករ Bowen ជាអ្នករកបាន ១គ្រាប់ឲ្យក្រុមភ្ញៀវ West Ham ដែលធ្វើឲ្យក្រុមញញួរធំធ្លាក់ទៅលេងរៀងទី៩ នៅមានតែ ១៤ពិន្ទុដដែល។

ខណៈនេះក៏ជាជ័យជម្នះលើកទី១១ នៃការប្រកួតក្នុងទឹកដីរបស់ក្រុម Aston Villa នៅពេលដែលពួកគេធ្លាប់ធ្វើបាន ១៣ដងនៅឆ្នាំ១៩៨៣ ក្រោយពេលដែលក្លិបនេះបានឈ្នះពានលីកអឺរ៉ុប UEFA Champions League 1982។

ជាមួយការប្រជែងការពារតំណែងជើងឯករបស់ក្រុមលោក Pep Guardiola ក្លិប Man City ក៏នៅតែបន្តឈរលេខ១ កំពូលតារាងលីគ បន្ទាប់ពីវិលមកយកឈ្នះក្រុម Brighton ២-១ ក្នុងកីឡដ្ឋាន Etihad ដ្បិតកំពុងមាន ២១ពិន្ទុស្មើជាមួយក្រុម Arsenal ដែលលេងស្មើទល់និងក្រុមតោខៀវ Chelsea FC ២-២ ក្នុងសប្តាហ៍ទី៩ នេះ។

ក្រុម Aston Villa ដែលកំពុងដឹកនាំដោយលោក Unai Emery ក៏អាចឈានទៅឈរលេខ៤ ដែលកំពុងកាន់កាប់ដោយក្រុម Tottenham Hotspur បើសិនជាពួកអាចយកឈ្នះក្រុមនៅក្បែបាតតារាង Luton Town នៅសប្តាហទី១០ ជើងទី១៕

លទ្ធផលការលេងឈ្នះ ១១ប្រកួតជាប់គ្នាក្នុងទឹកដីរបស់ Aston Villa