(ភ្នំពេញ)៖ លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានចាត់ទុកដៃគូឯកជន ដោយរួមមានស្ថានីយ៍ទូរទស្សន៍ និងក្រុមហ៊ុននានា ដែលបានសហការរៀបចំកម្មវិធីប្រដាល់ជាប្រចាំ ដើម្បីផ្ដល់ឱកាសឲ្យកីឡាករគុនខ្មែរបានចូលរួមប្រកួត និងអភិវឌ្ឍន៍សមត្ថភាព រហូតបានចូលរួមការប្រកួតអន្ដរជាតិ ពិសេសបានទទួលជោគជ័យដ៏ត្រចះត្រចង់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះកាលពីថ្មីៗ។

ការគូសបញ្ជាក់នេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការប្រកួតប្រដាល់គុនខ្មែរ «ម្ចាស់ជើងឯកខ្សែក្រវាត់ ខារ៉ាបាវ រដូវកាលទី១០» នៅសង្វៀនបាយ័នស្ទឹងមានជ័យនាល្ងាចថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣។ ព្រឹត្តិការណ៍នេះ មានកីឡាករជើងខ្លាំងប្រភេទទម្ងន់ ៦៥គីឡូក្រាមចំនួន ៨រូបចូលរួម ក្នុងនោះមានអ្នកលេងគុនខ្មែរ ៤រូប គឺមានកីឡាករ ធន់ ចាន់តាក់, នូវ ដារ៉ូ, អេលីត សម្ភ័ស្ស និង ឡុង បេនលឿន និងកីឡាករថៃ ៤រូប រួមមានកីឡាករ ហ្វាប្រាចក្រ, ផេតសាមម៉ាត, កង់ណាផា និងកីឡាករ ហ្វុងហ្វានឡាន។

លោក តែម ម៉ឺន បានសម្ដែងការគាំទ្រ និងថ្លែងអំណរគុណ ចំពោះស្ថានីយទូរទស្សន៍ ក៏ដូចជាវិស័យឯកជននានា ដែលតែងរួមចំណែកបង្កើតកម្មវិធីប្រដាល់នានា ជាក់ស្ដែងការប្រកួតដណ្ដើមខ្សែក្រវាត់ខាងលើ ពិតជាមានសារៈសំខាន់សម្រាប់វិស័យកីឡាប្រដាល់គុនខ្មែរ។ នេះហើយ គឺជាផ្នែកមួយដ៏សំខាន់ដែលជំរុញឲ្យកីឡាករគុនខ្មែរ ទទួលបានជោគជ័យជាទីគាប់ចិត្តក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលដណ្ដើមបានមេដាយសរុប ១៩គ្រឿង ក្នុងនោះមេដាយមាស១៤ មេដាយប្រាក់៣ និងមេដាយសំរឹទ្ធ ២គ្រឿង។

តាមរយៈនេះ ក្នុងនាមសហព័ន្ធលោកបានប្ដេជ្ញា ក្នុងការទទួលខុសត្រូវ និងសហការជាមួយស្ថានីយ៍ទូរទស្សន៍បាយ័ន ដើម្បីរៀបចំការងារពាក់ព័ន្ធទាំងអស់ ពិសេសការងារបច្ចេកទេស លើការរៀបចំកីឡា និងមន្ដ្រីបច្ចេកទេស ដើម្បីធានាបាននូវជោគជ័យក្នុងដំណើរការប្រកួតដណ្ដើមខ្សែក្រវាត់ប្រភេទទម្ងន់ ៦៥គីឡូក្រាមខាងលើ។ លើសពីនេះ លោកក៏បានអំពាវនាវឲ្យអ្នកគាំទ្រ បន្ដចូលរួមទស្សនា និងលើកទឹកចិត្តដល់កីឡាករផ្ទាល់ឲ្យបានច្រើនកុះករផងដែរ។

ទន្ទឹមគ្នានោះ លោក នាង ស៊ីវត្ថា អ្នកគ្រប់គ្រងកម្មវិធីប្រដាល់នៅស្ថានីយ៍ទូរទស្សន៍បាយ័នបានបញ្ជាក់ថា ព្រឹត្តិការណ៍នេះ គ្រោងដំណើរការប្រកួតជាង ៣ខែ ចាប់ពីថ្ងៃទី២២ ខែតុលា ដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤។ ចំពោះគោលបំណងនៃការរៀបចំ ក៏មិនខុសពីការប្រកួតមុនៗដែរ ដើម្បីរួមចំណែកអភិវឌ្ឍន៍ និងលើកកម្ពស់គុនខ្មែរ ក៏ដូចជាកីឡាករលើឆាកជាតិ និងអន្ដរជាតិ។ ជាក់ស្ដែងកីឡាករ ពេជ្រ សម្បត្តិ និង ពេជ្រ ប៊ុនសិដ្ឋ ដែលជាម្ចាស់ខ្សែក្រវាត់រដូវកាលទី៨ និងទី៩ កំពុងសាងភាពល្បីល្បាញខ្លាំងនាពេលបច្ចុប្បន្ន។

សូមបញ្ជាក់ថា ការប្រកួតជើងឯកខ្សក្រវាត់ខារ៉ាបាវ រដូវកាលទី១០ សម្រាប់កីឡាករកម្ពុជា ៤រូប គឺស្ថិតក្នុងពូល A ខណៈកីឡាករថៃ ៤រូបនៅពូល B ហើយត្រូវធ្វើការប្រកួតខ្វែងពូល ដើម្បីកំណត់យកកីឡាករ ៤រូប ដែលមានពិន្ទុខ្ពស់ជាងគេ នឹងត្រូវឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ សម្រាប់ប្រាក់រង្វាន់ជយលាភី លេខ១ ទទួលបានខ្សែក្រវាត់ ១ ពាន ១ និងប្រាក់រង្វាន់ ៦ពាន់ដុល្លារ, លេខ២ ទទួលបានពាន ១ និងប្រាក់រង្វាន់ ៣,៥០០ដុល្លារ, លេខ៣ ទទួលបានពាន ១ និងប្រាក់រង្វាន់ ២ពាន់ដុល្លារ និងលេខ៤ ទទួលបាន ១ពាន់ដុល្លារ៕