(បរទេស)៖ ម្ចាស់ពានរង្វាន់អូស្ការលោក George Clooney និងតារាហូលីវូដកំពូលផ្សេងទៀតបានផ្តល់ប្រាក់ចំនួន១៥០លានដុល្លារ ដល់សហជីពតារាសម្ដែង SAG-AFTRA ដែលជាផ្នែកមួយនៃសំណើ ដើម្បីបញ្ចប់កូដកម្មរបស់តារាសម្ដែង ខណៈបានអូសបន្លាយពេលជិតដល់ថ្ងៃទី១០០ ទៅហើយនៃការធ្វើកូដកម្មនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣។

ការផ្តល់ជូននូវទឹកប្រាក់ទាំងនេះ ត្រូវបានបញ្ជាក់ដោយអ្នកនាំពាក្យរបស់តារាសម្តែង Clooney កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ថានឹងផ្តល់ឲ្យសហជីពនូវទឹកប្រាក់បន្ថែមចំនួន១៥០លានដុល្លារក្នុងរយៈពេល៣ឆ្នាំ ហើយនឹងអាចជួយឲ្យសមាជិកសហជីពអ្នកសម្ដែងអាចទទួលបានអត្ថប្រយោជន៍សុខភាពដែលល្អប្រសើរជាងមុន។

តារាសម្ដែង Clooney ក៏បាននិយាយដែរថា តារាល្បីៗជាច្រើនចង់ចូលរួមចំណែកជាផ្នែកមួយនៃដំណោះស្រាយ ដោយគិតថាវាយុត្តិធម៌សម្រាប់ពួកគេក្នុងការបង់ប្រាក់បន្ថែមចូលទៅក្នុងសហជីព ដើម្បីជួយដល់សមាជិកអ្នកសម្ដែងផ្សេងទៀតដែលមានកម្រៃប្រាក់ឈ្នួលទាប។

គួរជម្រាបថា សមាជិកសហជីពតារាសម្ដែងហូលីវូដបានចាប់ផ្ដើមធ្វើកូដកម្មតាំងពីខែកក្កដា ហើយការពិភាក្សារវាងសហជីព និងសម្ព័ន្ធអ្នកផលិតភាពយន្ត និងកម្មវិធីទូរទស្សន៍កាលពីសប្តាហ៍មុនក៏នៅតែបរាជ័យ ធ្វើឱ្យក្ដីសង្ឃឹមថានឹងមានដំណោះស្រាយឆាប់រហ័សត្រូវរលាយបាត់។ ជាលទ្ធផលការផលិតភាពយន្ត រឿងភាគ និងកម្មវិធីទូរទស្សន៍ជាច្រើនត្រូវផ្អាក ធ្វើឱ្យក្រុមការងាររាប់ពាន់នាក់គ្មានការងារធ្វើ រួមទាំងតារាសម្តែងផងដែរ៕