(ភ្នំពេញ)៖ ការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៣-២០២៤ ប្រចាំសប្តាហ៍ទី៨ ព្រះខ័នរាជស្វាយរៀង នៅតែជាក្រុមលេងមិនចាញ់ និងបន្តឈរកំពូលតារាងដដែល នៅពេលយកឈ្នះគូគិរីវង់សុខសែនជ័យ ២-១ នាយប់មិញនេះ។

ទាក់ទងការប្រកួតរបស់ក្រុមទាំងពីរ ឃើញថាក្នុងតង់ទី១ ក្រុមម្ចាស់ផ្ទះបាននាំមុខមុន ១គ្រាប់ និងស៊ុតបញ្ចូលទីដោយកីឡាករ MARCUS HABER ពាក់លេខ៩៩ នៅនាទីទី៣៩ ដ្បិតក្រុមភ្ញៀវ គិរីវង់បានវាយបកតាមស្មើវិញនៅនាទីទី៤៥+២ ដោយកីឡាករ ជូ ហាវ ពាក់លេខ១៣។ យ៉ាងណាក៏ស្វាយរៀង បានបន្ថែមគ្រាប់ទី២ ដែលជាគ្រាប់ជ័យជម្នះដោយកីឡាករ YANNICK FRANCOIS ពាក់លេខ១០ នាទីទី៩០+៥ (OG)។

ខាងក្រោមនេះជាលទ្ធផលសរុបរបស់ក្រុមទាំង១០ នៃការប្រកួតលីគ៖
ការប្រកួតនៅថ្ងៃសៅរ៍ ទី២១ ខែតុលា ឆ្នាំ២០២៣ រួមមាន៖
១៖ ភ្នំពេញក្រោន ៣-១ ព្រៃវែង។

សម្រាប់ការប្រកួតនៅថ្ងៃអាទិត្យ ទី២២ ខែតុលា វិញរួមមាន៖
១៖ វិសាខា ២-១ អង្គរថាយហ្គឺរ
២៖ ព្រះខ័នរាជស្វាយរៀង ២-១ គិរីវង់សុខសែនជ័យ
៣៖ ISI ដង្កោសែនជ័យ ២-១ បឹងកេត
៤៖ ណាហ្គា ២-១ កងយោធពលខេមរភូមិន្ទ។

សូមបញ្ជាក់ផងថា ស្វាយរៀងឈ្នះ ៨ប្រកួតជាប់គ្នា នៃពានរង្វាន់ខេមបូឌានព្រីមៀរលីគ ដោយបន្តឈរនៅកំពូលតារាង និងមាន ២៤ពិន្ទុ៕