(បរទេស)៖ ក្រុមហ៊ុនផលិតស្មាតហ្វូនកូរ៉េខាងត្បូង Samsung កំពុងកំណត់គោលដៅដាក់លក់ស្មាតហ្វូនអេក្រង់បត់របស់ខ្លួនឱ្យបានចំនួន ២០លានគ្រឿងនៅឆ្នាំ២០២៤ខាងមុខនេះ ដែលក្នុងនោះរួមមានម៉ូដែល Galaxy Z Fold5/ Z Flip5 បច្ចុប្បន្ន និងម៉ូដែល Galaxy Z Fold6/ Z Flip 6 ដែលត្រៀមចេញលក់នៅឆ្នាំក្រោយ។ នេះបើយោងតាមការចេញផ្សាយរប់សារព័ត៌មាន GSMArena នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣។

ប្រភពពី The Elec បានឱ្យដឹងថា ការរំពឹងទុករបស់ Samsung អាចជាការពិតព្រោះថា តាមរយៈរបាយការណ៍ដាក់លក់ជាបន្តបន្ទាប់ក្នុងឆ្នាំ២០២៣នេះ កំពុងកើនឡើងដែលអាចឈានដល់ចំនួនដាក់លក់ស្មាតហ្វូនបានដល់ទៅ ១០លានគ្រឿងឯណោះ។ ពោលគឺគេរំពឹងថា នឹងបានមកពីម៉ូដែល Galaxy Z Fold4/ Z Flip4 ដែលប្រកាសចេញកាលពីឆ្នាំមុនចំនួន ៣លានគ្រឿង និងម៉ូដែលថ្មី Galaxy Z Fold5/ Z Flip5 ចំនួន ៧លានគ្រឿង។

គួរជម្រាបដែរថា Samsung គឺជាក្រុមហ៊ុនផលិតទូរស័ព្ទដែលអាចបត់បានឈានមុខគេ ហើយម៉ូដែល Galaxy Z Fold និង Galaxy Z Flip របស់ខ្លួនត្រូវបានទទួលការពេញចិត្តពីអ្នកប្រើប្រាស់ស្ទើតែរៀងរាល់ឆ្នាំ។ លើសពីនេះ Samsung ក៏ត្រូវបានគេរំពឹងថានឹងបន្តវិនិយោគយ៉ាងច្រើនក្នុងការអភិវឌ្ឍន៍ការរចនា និងបច្ចេកវិទ្យាទូរស័ព្ទដែលអាចបត់បានជំនាន់ថ្មីៗជាច្រើនផងដែរ៕