(ភ្នំពេញ)៖ ក្លិបប្រដាល់គុនខ្មែរអន្តរជាតិ KKIF បានប្រកាសថា អ្នកប្រដាល់ Thiago Teixeira ដែលមានឈ្មោះខ្មែរថា សែន ច័ន្ទឫទ្ធីគុន បានសម្រេចវិលត្រលប់មកសុំចូលរួមជាមួយក្លិប ក្នុងការងារផ្នែក (Promoters) បន្ទាប់ពីរូបគេបានចាកចេញអស់មួយរយៈពេលមកនេះ។

ជាមួយការវិលត្រលប់នេះផងដែរ តាមរយៈទំព័របណ្តាញសង្គមហ្វេសបុករបស់លោកឧកញ៉ា ស្រី ចាន់ថន ដែលជាប្រធានក្លិប KKIF បានឲ្យដឹងថា «កន្លែងដែលអោយតម្លៃដោយហេតុផលតម្លៃ (គុនខ្មែរ ) នឹងគំនិតគិតវិជ្ជមាន រួបរួម ពេលដែលយើងចាកចេញពីកន្លែងមួយយើងតែងតែជួបនូវព្យុះភ្លៀងខ្យល់ និងឧបសគ្គផ្សេងៗ ទៀតជាច្រើនពេលនោះហើយ យើងនឹងដឹងកន្លែងណា គឺជាកន្លែងដែលមានសុវត្ថិភាពបំផុតសម្រាប់ជីវិតយើង ហើយជាកន្លែងដែលផ្ដល់តម្លៃឲ្យយើងពិតប្រាកដ»។ ដោយក្ដីគោរពដ៏ខ្ពង់ខ្ពស់បំផុតពីខ្ញុំបាទស្រី ចាន់ថន។

ក្លិបប្រដាល់ KKIF និងរៀបចំបើកសង្វៀនប្រកួតថ្នាល់គុនខ្មែរ ដែលឈ្មោះថា «អាណាចក្រថ្នាលគុនខ្មែរ KKIF» ដោយគ្រោងនឹងចាប់ផ្តើមរៀបចំពីនៅចុងខែតុលានេះតទៅ ដើម្បីផ្ដល់ឱកាសឲ្យកីឡាករ-កីឡាការិនីថ្មីៗ ដែលមានលក្ខណៈខ្ចីបទពិសោធបានបញ្ចេញសមត្ថភាពក្នុងការដណ្ដើមខ្សែក្រវាត់ KKIF ឬ ពានរង្វាន់ផ្សេងៗ៕