(ភ្នំពេញ)៖ ថ្មីៗមកនេះ ការធ្លាក់ត្រឹមវគ្គជម្រុះជុំទី១ នៃពានរង្វាន់ FIFA World Cup 2026 របស់ក្រុមជម្រើសជាតិកម្ពុជា បានក្លាយជាប្រធានបទក្ដៅមួយ សម្រាប់សារព័ត៌មាន និងអ្នកគាំទ្រ ពិសេសគ្រូបង្វឹក និងកីឡាករមួយចំនួន បានក្លាយជាផ្ទាំងស៊ីប ដែលរងការវាយប្រហារដ៏កក្រើកលើបណ្ដាញសង្គម។

ជុំវិញប្រធានបទដ៏រសើបនេះ លោក Simon Mcmenemy គ្រូបង្វឹកក្រុមបាល់ទាត់វិសាខា លោកហាក់មិនគាំទ្រ ចំពោះការរិះគន់ ឬវាយប្រហារពីបណ្ដាសារព័ត៌មាន ក៏ដូចជាអ្នកគាំទ្រមួយចំនួននោះទេ ពិសេសការវាយប្រហារលើកីឡាករវ័យក្មេងរបស់ខ្លួន ដូចជាកីឡាករ ស រតនា ជាដើម។ លើសពីនេះ លោកថែមទាំងព្រួយបារម្ភខ្លាចស្ថានភាពនេះ កាន់តែធ្ងន់ធ្ងរដូចនៅប្រទេសឥណ្ឌូនេស៊ីទៀតផង។

គ្រូបង្វឹកជនជាតិស្កុតឡេនរូបនេះ លើកឡើងថា «ខ្ញុំឃើញសារព័ត៌មានមួយចំនួន វាយប្រហារកីឡាកររបស់យើង ដូចជា ស រតនា ជាដើម។ គាត់ជាកីឡាករក្រោមអាយុ ២៣ឆ្នាំ ហើយគាត់លេងទីតាំងការពារ តែដល់ពេលទៅជម្រើសជាតិ គ្រូជម្រើសជាតិដាក់ឲ្យគាត់លេងប្រយុទ្ធ។ អ៊ីចឹងមិនមែនជាទីតាំងដើមរបស់គាត់ ណាមួយគាត់ជាកីឡាករវ័យក្មេងផង។ អ៊ីចឹងការវាយប្រហារទៅលើរូបគាត់ ខ្ញុំគិតថា វាគួរឲ្យអស់សំណើចមែនទែន»។

«កាលគាត់ (ស រតនា) ស៊ុតចូលនៅក្រុមជម្រើសជាតិ U23 យើងសរសើរគាត់ យើងសប្បាយចិត្តជាមួយការរកបានគ្រាប់បាល់របស់គាត់ តែដល់ពេលមកលេងក្រុមធំ ដែលគ្រូជម្រើសជាតិ ដាក់ឲ្យគាត់លេងទីតាំងប្រយុទ្ធ គាត់ធ្វើអត់បានល្អ ទាំងអស់គ្នា បែរជាវាយប្រហារគាត់វិញ។ នេះមិនមែនជារឿងសមគួរនោះទេ សម្រាប់អ្នកសារព័ត៌មានមួយចំនួន ដែលគាត់វាយប្រហារកីឡាករជម្រើសជាតិរបស់យើង»។ លោក Simon Mcmenemy បន្ថែម។

អតីតគ្រូបង្វឹកក្រុមជម្រើសជាតិឥណ្ឌូនេស៊ីដដែលបានសង្កត់ធ្ងន់ថា «ខ្ញុំចង់ផ្ដាំទៅអ្នកសារព័ត៌មានជាពិសេស ប្រសិនបើយើងនៅបន្ដវាយប្រហារកីឡាករបែបនេះ ខ្ញុំខ្លាចមានស្ថានភាពមួយ ដូចនៅឥណ្ឌូនេស៊ី គឺកីឡាកររបស់គាត់ មានការភ័យខ្លាច ចំពោះការវាយប្រហារពាក្យពេចន៍ទាំងអស់ ដែលធ្វើឲ្យកីឡាករគាត់បាត់ទំនុកចិត្ត លែងមានការអភិវឌ្ឍន៍ខ្លួន។ ជំនួសឲ្យការវាយប្រហារ បើឃើញកីឡាកររបស់យើងល្អ តែគាត់នៅក្មេង យើងគួរតែសរសើរ និងលើកទឹកចិត្តគាត់ ដើម្បីឲ្យគាត់មានពេលវេលាអភិវឌ្ឍន៍ខ្លួន និងមានអនាគតល្អវិញ។ រាល់ថ្ងៃកីឡាករឥណ្ឌូនេស៊ី ខ្លាចមែនទែន ពេលគេវាយប្រហារច្រើនពេក ធ្វើឲ្យពួកគាត់បាក់ទឹកចិត្ដហ្មង»

សូមបញ្ជាក់ថា ការលើកឡើងរបស់លោក Simon Mcmenemy ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន កាលពីល្ងាចថ្ងៃសៅរ៍ម្សិលមិញ មុនការប្រកួត រវាងវិសាខា និងអង្គរថាយហ្គឺរ ក្នុងសប្ដាហ៍ទី៨ នៃលីគកំពូលកម្ពុជា នាវេលាម៉ោង ៦ល្ងាចនេះនៅកីឡដ្ឋានព្រីនស៍៕