(ភ្នំពេញ)៖ ក្នុងករណីដែលបានដឹងពីអំពើដែលអាចជាបទឧក្រិដ្ឋ ឬបទមជ្ឈិម ឬបទលហុ (មិនជាក់ស្ដែង) មន្រ្ដីនគរបាលយុត្តិធម៌អាចធ្វើការស៊ើបអង្កេតបឋមដោយខ្លួនឯង ឬតាមការស្នើសុំរបស់ព្រះរាជអាជ្ញា ដើម្បីស្រាវជ្រាវប្រមូលភស្ដុតាងដែលពាក់ព័ន្ធនឹងអង្គហេតុបទល្មើស ។ ម៉្យាងវិញទៀត ក្នុងករណីមួយចំនួន មន្រ្ដីនគរបាលយុត្តិធម៌អាចកោះហៅបុគ្គលដែលសង្ស័យថាបានប្រព្រឹត្តបទល្មើស ឬអ្នកដែលដឹងពីរឿងហេតុនៃបទល្មើស ឱ្យមកធ្វើការឆ្លើយបំភ្លឺចំពោះមុខមន្រ្តីនគរបាលយុត្តិធម៌ ។

ប្រសិនបើបុគ្គលដែលទទួលបានការកោះហៅនោះ រឹងទទឹងមិនចូលមកឆ្លើយបំភ្លឺតាមការកោះហៅទេ ក្រមនីតិវិធីព្រហ្មទណ្ឌបានកំណត់អំពីវិធានការក្នុងការបញ្ជាជននោះឱ្យចូលខ្លួនបាន តាមរយៈដីកាបញ្ជាឱ្យចូលខ្លួន ។

តើអ្វីទៅជាដីកាបញ្ជាឱ្យចូលខ្លួន ? តើអ្នកណាជាអ្នកចេញដីកានេះ ? ហើយមានគោលបំណងដើម្បីអ្វី ?

កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សម្រាប់សប្តាហ៍នេះ សូមលើកយកប្រធានបទស្តីពី «ដីកាបញ្ជាឱ្យចូលខ្លួន ក្នុងការស៊ើបអង្កេតបឋម» ដើម្បីមកធ្វើការបង្ហាញជូនសាធារណជន សិស្ស និងនិសិ្សត ដូចខាងក្រោម។

ការស៊ើបអង្កេតបឋម គឺជាដំណាក់កាលមួយនៅក្នុងនីតិវិធីព្រហ្មទណ្ឌ ដែលធ្វើឡើងដោយមន្ត្រីនគរបាលយុត្តិធម៌ដើម្បីធានាក្នុងការស្វែងរកភស្តុតាង ក៏ដូចជាព័ត៌មាននានាពាក់ព័ន្ធនឹងបទល្មើស ។ នៅក្នុងក្របខណ្ឌនៃការស៊ើបអង្កេតបឋម មន្រ្ដីនគរបាលយុត្តិធម៌អាចធ្វើការកោះហៅ និងស្ដាប់ចម្លើយបុគ្គលគ្រប់រូបដែលសង្ស័យថាបានពាក់ព័ន្ធ បានចូលរួមប្រព្រឹត្តបទល្មើស ឬអាចផ្ដល់ព័ត៌មានផ្សេងៗពាក់ព័ន្ធនឹងអង្គហេតុបទល្មើស ដូចមានបញ្ញត្តិក្នុងមាត្រា ១១៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ។ ករណីនេះ បុគ្គលទាំងអស់ដែលទទួលបានការកោះហៅ ត្រូវតែចូលមកបង្ហាញខ្លួន ដើម្បីផ្ដល់ចម្លើយដល់មន្រ្តីនគរបាលយុត្តិធម៌ ។

ប៉ុន្តែក្នុងករណីមួយចំនួន បុគ្គលដែលទទួលបានការកោះហៅ អាចនឹងមានការរឹងទទឹង ឬមិនសហការក្នុងការចូលខ្លួនមកផ្ដល់ចម្លើយតាមការកោះហៅឡើយ ជាហេតុអាចនាំឱ្យនីតិវិធីមានការយឺតយ៉ាវ ឬអាចនឹងមិនទទួលបានព័ត៌មានមួយចំនួន ដែលមានមានប្រយោជន៍ដល់ការអនុវត្តនីតិវិធីរបស់មន្រ្ដីនគរបាលយុត្តិធម៌ ។ ដូចនេះជាដំណោះស្រាយ ក្រមនីតិវិធីព្រហ្មទណ្ឌបានកំណត់អំពីវិធានការចំពោះករណីខាងលើ តាមរយៈសិទ្ធិអំណាចរបស់ព្រះរាជអាជ្ញា ក្នុងការចេញដីកាបញ្ជាឱ្យចូលខ្លួន ។

មានន័យថា ប្រសិនបើជនដែលទទួលបានការកោះហៅមានការរឹងទទឹង មន្រ្តីនគរបាលយុត្តិធម៌អាចជូនដំណឹងដល់ព្រះរាជអាជ្ញា ដើម្បីចេញដីកាបញ្ជាឱ្យចូលខ្លួន ដែលត្រូវបញ្ជាក់អត្តសញ្ញាណរបស់បុគ្គលដែលពាក់ព័ន្ធ កាលបរិច្ឆេទ ចុះហត្ថលេខាដោយព្រះរាជអាជ្ញា និងមានបោះត្រា ។ តាមរយៈដីកាបញ្ជាឱ្យចូលខ្លួនរបស់ព្រះរាជអាជ្ញា មន្រ្តី នគរបាលយុត្តិធម៌អាចប្រើប្រាស់កម្លាំងសាធារណៈ ដើម្បីបង្ខំបុគ្គលនោះឱ្យចូលខ្លួនបាន ។

សរុបមក ដើម្បីធានាឱ្យដំណើរការស៊ើបអង្កេតបឋមប្រព្រឹត្តទៅបានរលូន និងទទួលបានភស្តុតាង និងព័ត៌មានពាក់ព័ន្ធនឹងអង្គហេតុគ្រប់ជ្រុងជ្រោយ មន្រ្តីនគរបាលយុត្តិធម៌ អាចកោះហៅបុគ្គលដែលពាក់ព័ន្ធមកផ្ដល់ចម្លើយនានា ពាក់ព័ន្ធនឹងអង្គហេតុបទល្មើស ប៉ុន្តែបើបុគ្គលនៅមានការរឹងទទឹង មន្រ្តីនគរបាលយុត្តិធម៌អាចជូនដំណឹងទៅព្រះរាជអាជ្ញា ដើម្បីចេញដីកាបញ្ជាឱ្យចូលខ្លួនទៅបុគ្គលនោះ តាមរយៈការប្រើប្រាស់កម្លាំងសាធារណៈប្រសិនបើចាំបាច់ ។ ការបញ្ជា ឱ្យចូលខ្លួនអាចជាវិធានការដ៏ល្អមួយនៅក្នុងដំណើរការនីតិវិធីនៃការស៊ើបអង្កេតបឋម ដោយហេតុថា មន្រ្តីនគរបាលយុត្តិធម៌អាចទទួលបានភស្តុតាង និងព័ត៌មានពាក់ព័ន្ធគ្រប់ជ្រុងជ្រោយ ដើម្បីជាមូលដ្ឋានដល់ព្រះរាជអាជ្ញា ក្នុងការពិនិត្យមើលលើធាតុផ្សំនៃបទល្មើស និងឈានដល់ការធ្វើចំណាត់ការនានា តាមនីតិវិធី ។

រៀបរៀងដោយ៖ លោក ឡេង ពុទ្ធិតារា  និងលោក ឃន វេហា សមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់នៃ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥, អ៉ីម៉ែល៖ [email protected] គេហទំព័រ៖ www.ciclf.com (http://www.ciclf.com/) ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm ៕