(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣នេះ បុរី មេគង្គ លែន បានចូលរួមឧបត្ថម្ភថវិកាតាមរយៈ អង្គការហូប កម្ពុជា សម្រាប់កម្មវិធីពិនិត្យ និងព្យាបាល ត្រចៀក ច្រមុះ បំពង់ក មិនគិតកម្រៃប្រគេនជូនដល់ព្រះសង្ឃ ចំនួន២៥០អង្គ ដែលគង់នៅវត្តប្រាសាទស្រះកណ្តាលខ្ទាស់ និងពុទ្ធបរិស័ទចំណុះជើងវត្ត ចំនួន១៥០នាក់ ព្រមទាំងកុមារកំព្រា ចំនួន១២៣នាក់ ដែលស្នាក់នៅមណ្ឌលកុមារកំព្រាវិសាខា នៃក្តីសង្ឃឹមវត្តខ្ចាស់ ស្ថិតនៅភូមិខ្ទាស់ សង្កាត់បុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនេះ ក៏មានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ លោកស្រី ឧកញ៉ា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ បណ្ឌិត ម៉ៅ ម៉ាល័យ កែគឹមយ៉ាន និងលោក កែ សួនសុភាព អភិបាលរងខេត្តបន្ទាយមានជ័យ ផងដែរ។

ការប្រាព្ធកម្មវិធីនេះឡើង ក្នុងគោលបំណងជួយគិតគូរ និងការយកចិត្តទុកដាក់ អំពីបញ្ហាសុខភាព ដល់អ្នកខ្វះខាតដូចជា ព្រះសង្ឃ ចាស់ជរា ជាពិសេស ក្មេងៗកុមារកំព្រា ដែលកំពុងតែជួបនូវការខ្វះខាត ពុំមានលទ្ធភាព ឬពុំមានពេលគ្រប់គ្រាន់ ក្នុងការទៅត្រួតពិនិត្យ និងព្យាបាលឲ្យទាន់ពេលវេលា លើបញ្ហា ត្រចៀក ច្រមុះ បំពង់ក ដែលជាទីតាំងសំខាន់សម្រាប់សេរីរាង្គ របស់មនុស្សគ្រប់រូប។

គួបញ្ជាក់ថា មណ្ឌល កុមារកំព្រាវិសាខា នៃក្តីសង្ឃឹមវត្តខ្ទាស់ គឺជាមណ្ឌលសម្រាប់ជាការស្នាក់នៅរយៈពេលយូអង្វែងដែលផ្តល់អ្វីៗ ទៅតាមតម្រូវការចាំបាច់ សម្រាប់ការអភិវឌ្ឍរបស់កុមារដែលបានបាត់បង់ឪពុក ឬម្តាយ ឬបាត់បង់ទាំងឪពុក និងម្តាយបង្កើត កុមារកំព្រារ កុមារទំនាស់ជាមួយច្បាប់ កុមាររស់នៅក្នុងគ្រួសារក្រីក្រ កុមារពិការ កុមារអនាថា កុមារទទួលផលប៉ះពាល់ដោយសារគ្រឿងញៀន ជាដើម។

កន្លងមកយើងតែងសង្កេតឃើញ ជារឿយៗថា បុរី មេគង្គ លែន មិនត្រឹមតែបានចូលរួមក្នុងការអភិវឌ្ឍផ្នែកអចនលទ្រព្យ ឲ្យកាន់តែរីកចម្រើនប៉ុណ្ណោះទេ ក្នុងនោះបុរីបានផ្តល់ការងារជាច្រើនកន្លែង ដល់បុគ្គលិក កម្មករ និយោជិក ស្របពេលដែលបុរី មានការលូតលាស់ និងឈានទៅមុខយ៉ាងឆាប់រហ័សផង ដែលនោះធ្វើឲ្យបុរី តែងតែជួយគិតគូ និងយកចិត្តទុកដាក់ខ្ពស់ដល់សង្គមជាតិក្នុងការងារមនុស្សធម៌ ដើម្បីចូលរួមចំណែកទៅកាន់រាជរដ្ឋាភិបាល ការផ្តល់ជំនួយប្រាក់ឧបត្ថមសប្បុរសធម៌ ទៅតាមកម្មវិធីផ្សេងៗ មិនដែលអាក់ខាន មិនថានៅក្នុងរាជធានី ឬតាមបណ្តាខេត្ត ជាក់ស្តែងដូចជា ការផ្តល់ជំនួយសម្រាប់ កម្មវីធីនៅក្នុងថ្ងៃនេះជាដើម ៕