(ភ្នំពេញ)៖ កម្មវិធីពិព័រណ៍ការសិក្សាជុំវិញពិភពលោក «The SpringBoard Global Study Fair» ដែលរៀបចំឡើងដោយស្រ្ពីងប៊តប្រចាំកម្ពុជា (SpringBoard4Education Cambodia) នឹងប្រព្រឹត្តទៅនៅថ្ងៃ ពុធ ទី២៥ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះនៅដឹ ព្រេមៀ សេនធ័រ សែនសុខ (The Premier Centre Sen Sok) ចាប់ពីវេលាម៉ោង៩ព្រឹក ដល់ ម៉ោង៤ល្ងាច។

កម្មវិធីពិព័រណ៍ការសិក្សាជុំវិញពិភពលោក «The SpringBoard Global Study Fair» គឺជាពិព័រណ៍ការសិក្សាធំជាងគេ និងដំបូងគេនៅក្នុងប្រទេសកម្ពុជាដែលមានការចូលរួមពីមហាវិទ្យាល័យ និងសាកលវិទ្យាល័យល្បីៗច្រើនជាង ១០០ សាលាមកពីជុំវិញពិភពលោក រួមមានចក្រភពអង់គ្លេស អូស្ត្រាលី កាណាដា នូវែលហ្សេឡង់ សិង្ហបុរី សហរដ្ឋអាមេរិក ស្វីស និងប្រទេសថៃ។ សិស្សនិស្សិត និងអាណាព្យាបាលជាង ៥០០០ នាក់ត្រូវបានរំពឹងថានឹងចូលរួមក្នុងពិព័រណ៍ការសិក្សាជុំវិញពិភពលោកនាពេលខាងមុខនេះ។

គាំទ្រដោយស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា និងស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ពិព័រណ៍ការសិក្សានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើនឱកាសពិសេសមួយដល់សិស្សានុសិស្ស ក៏ដូចជានិស្សិតកម្ពុជាទាំងអស់ដែលមានក្តីស្រមៃចង់បន្តការសិក្សាក្រៅប្រទេស បានចួបផ្ទាល់ជាមួយតំណាងសាលា និងទទួលបានព័ត៌មានអំពីកម្មវិធីសិក្សា ការស្នាក់នៅ ការដាក់ពាក្យសិក្សា ការស្នើសុំទិដ្ឋាការ តម្លៃសិក្សា និងការដាក់អាហារូបករណ៍ជាដើម។ លើសពីនេះទៅទៀតនោះ គឺដើម្បីលើកកម្ពស់ ផ្សារភ្ជាប់ និងពង្រឹងទំនាក់ទំនងលើវិស័យអប់រំរវាងប្រទេសកម្ពុជា និងសាលានៃបណ្តាប្រទេសដែលនឹងចូលរួមជាមួយពិព័រណ៍ការសិក្សានេះ។

សូមបញ្ជាក់ផងដែរថា ពិព័រណ៍ការសិក្សានេះត្រូវបានបើកឱ្យសាធារណជនចូលរួមដោយសេរី និងឥតគិតថ្លៃ។ ហេតុដូចនេះ យើងខ្ញុំសូមគោរពអញ្ជើញ សិស្សនិស្សិត និងអាណាព្យាបាលទាំងអស់ចូលរួមជាមួយពួកយើងនៅក្នុងកម្មវិធីពិព័រណ៍ការសិក្សាដ៏ធំប្រចាំឆ្នាំ ២០២៣ នេះឱ្យបានកុះករ។

ស្ព្រីងប៊តប្រចាំកម្ពុជា (SpringBoard4Education Cambodia) បានបង្កើតឡើងតាំងពីឆ្នាំ២០០៧ ដែលផ្តោតសំខាន់លើការប្រឹក្សាយោបល់លើវិស័យអប់រំនៅក្រៅប្រទេសដោយស្របច្បាប់ ជាពិសេសផ្តល់ជូននូវការប្រឹក្សា និងសេវាកម្មដោយឥតគិតថ្លៃ តាំងពីដើមរហូតដល់ចប់៕