(បរទេស)៖ ក្នុងត្រីមាសទី៣ នៃឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ ទីផ្សារស្មាតហ្វូនឥណ្ឌាបានដាក់លក់ស្មាតហ្វូនសរុបទាំងអស់បានចំនួន ៤៣លានគ្រឿង ដែលជាលទ្ធផលអ្នកវិភាគ Canalys បានបង្ហាញថា ឥណ្ឌាលក់បានតិចជាង ៣ភាគរយបើធៀបនឹងត្រីមាសដូចគ្នាកាលពីឆ្នាំ២០២២។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣។

ជាលទ្ធផលសម្រាប់ត្រីមាសដែលគិតចាប់ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២៣នេះ បានបង្ហាញឱ្យឃើញថា Samsung នៅតែឈរនៅចំណាត់ថ្នាក់លេខ១ ជាមួយនឹងចំណែកទីផ្សារចំនួន ១៨ភាគរយ ចំណាត់ថ្នាក់លេខ២ បានទៅ Xiaomi ជាមួយនឹងចំណែកទីផ្សារចំនួន ១៨ភាគរយដូចគ្នា រីឯ Vivo ឈរនៅចំណាត់ថ្នាក់លេខ៣ ជាមួយនឹងចំណែកទីផ្សារចំនួន ១៧ភាគរយ Realme ឈរនៅចំណាត់ថ្នាក់លេខ៤ ជាមួយនឹងចំណែកទីផ្សារចំនួន ១៣ភាគរយ និង Oppo ឈរនៅចំណាត់ថ្នាក់លេខ៥ ជាមួយនឹងចំណែកទីផ្សារចំនួន ១០ភាគរយ និងក្រុមហ៊ុនផ្សេងៗសរុបចូលគ្នា ជាមួយនឹងចំណែកទីផ្សារចំនួន ២៤ភាគរយផងដែរ។

សម្រាប់ត្រីមាសទី៣ នៃឆ្នាំ២០២៣ នេះ គឺឃើញមានតែ OnePlus, Infinix និង Motorola ដែលបានកើនឡើងចំនួនលក់របស់ពួកគេនៅក្នុងទីផ្សារឥណ្ឌា ប៉ុន្ដែ Canalys មិនបានបញ្ជាក់ថាឡើងបានប៉ុន្មានរយភាគនោះឡើយ៕