(ភ្នំពេញ)៖ ព្រឹត្តិការណ៍ដ៏អស្ចារ្យ «បុណ្យវប្បធម៌» ត្រូវបានរៀបចំឡើងដោយសមាជិកសភាយុវជនកម្ពុជា (Youth Assembly) និងគាំទ្រដោយ ស.ស.យ.ក. ខេត្តស្វាយរៀង នឹងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺចាប់ពីម៉ោង៩៖០០នាទីព្រឹក ដល់ម៉ោង ២១៖០០នាទីយប់ នៅថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៣ ដែលពិធីបុណ្យនេះប្រារព្ធឡើងនៅទីតាំង Friend Future Factory (F3) និងមានការបើកឲ្យមហាជន ចូលរួមទស្សនាដោយសេរី។

ចំពោះកម្មវិធី «បុណ្យវប្បធម៌» គឺជាកម្មវិធីដែលធ្វើឡើងសម្រាប់បង្ហាញជូននូវពិព័រណ៍អំពីវប្បធម៌កម្ពុជា ប្រចាំឆ្នាំ២០២៣ ក្នុងគោលបំណងលើកតម្កើងវប្បធម៌-អរិយធម៌ខ្មែរ ឲ្យទូលំទូលាយ និងផ្សព្វផ្សាយពីភាពអស្ចារ្យដែលខ្មែរមាន ទៅកាន់ពិភពលោក ពិសេសចង់ឲ្យអ្នកចូលរួមទទួលបាននូវបទពិសោធន៍ ទាក់ទងទៅនឹងវប្បធម៌ខ្មែរ។

តើបុណ្យវប្បធម៌ រៀបចំដោយសភាយុវជននឹងនាំអ្នកទាំងអស់គ្នាទៅស្គាល់អ្វីខ្លះ?

«បុណ្យវប្បធម៌» គឺជាព្រឹត្តិការណ៍ដែលប្រមូលផ្ដុំទៅដោយវប្បធម៌ខ្មែរ ដែលនឹងនាំប្អូនៗនិសិ្សត ភ្ញៀវជាតិ និងអន្តរជាតិ ឲ្យទទួលបាននូវបទពិសោធន៍ប្លែកៗ និងមានឱកាសសិក្សាស្វែងយល់នូវសិល្បៈវប្បធម៌ របស់ប្រទេសកម្ពុជាឲ្យកាន់តែស៊ីជម្រៅ។

ក្នុងនោះរួមមានការបង្ហាញរបាំក្បាច់បុរាណ, របាំប្រពៃណី, ល្ខោនបុរាណចម្រុះ, គុនល្បុក្កតោ, ការដើរបង្ហាញនូវសម្លៀកបំពាក់, ការតាំងបង្ហាញពីស្នាដៃសិល្បករ-សិល្បការិនីខ្មែរ, ឧបករណ៍ភ្លេងបុរាណ, និងការលេងល្បែងកម្សាន្តផ្សេងៗ។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានការចូលរួមសម្តែងពីសិល្បករសម័យផងដែរ។

លើសពីនេះទៅទៀត ព្រឹត្តិការណ៍បុណ្យវប្បធម៌ ក៏មានការប្រគំតន្រ្តីបែបសម័យសប្បាយៗ និងមានលក់ម្ហូបអាហារ, ភេសជ្ជៈ និងបង្អែមយ៉ាងសម្បូរបែប រួមទាំងមានការតាំងពិព័រណ៌ផលិតផលផ្សេងៗ ពីបណ្តាអាជីវករនៅក្នុងប្រទេសកម្ពុជាផងដែរ៕