(ភ្នំពេញ)៖ ពិតជារឿងមួយគួរឲ្យសោកស្ដាយណាស់ សម្រាប់តារាសម្ដែងស្រីកំពុងតែក្ដោបក្ដាប់ប្រជាប្រិយភាពពេញដៃ គឺកញ្ញា អូន បរម៉ី ខណៈដែលនាងកំពុងតែទទួលបាននូវតំណែងជាតួឯកស្រី និងតួសម្ដែងផ្សេងៗទៀត នៅក្នុងខ្សែភាពយន្តមួយចំនួនទៅហើយ បែរជាត្រូវបាត់បង់ឱកាសនេះទៅវិញ ដោយសារតែនាងបានប្រកាសផ្អាកការងារសិល្បៈជាបណ្ដោះអាសន្ន ដើម្បីព្យាបាលជំងឺ និងមិនអាចកំណត់ពេលវេលាជាក់លាក់ណាមួយ សម្រាប់បើកផ្លូវឲ្យនាងចូលមកក្នុងមជ្ឈដ្ឋានសម្ដែងវិញ នៅពេលណាមួយនោះឡើយ។

តារាសម្ដែងពោរពេញដោយសម្រស់ស្រស់សោភា មុខមានមន្តស្នេហ៍កញ្ញា អូន បរម៉ី បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងថា រូបនាងពិតជាសោកស្ដាយខ្លាំងណាស់ ខណៈដែលឱកាសមានសម្រាប់នាង ដើម្បីសាងកេរ្តិ៍ឈ្មោះឲ្យកាន់តែល្បីល្បាញ បន្ថែមទៀតទៅហើយ ប៉ុន្តែត្រូវមកជួបរឿងចៃដន្យ ស្ទើរតែនឹកស្មានមិនដល់បែបនេះ ដោយត្រូវខកខានក្នុងរយៈពេលមួយ មិនអាចកំណត់បាន។ នាងបន្តថា សម្រាប់ការងារសិល្បៈ នាងបានទទួលការងារជាបន្តបន្ទាប់ ជាពិសេសតំណែងជាតួឯក និងតួបន្ទាប់បន្សំនានាជាច្រើនទៀត ក្នុងភាពយន្តមួយចំនួន ព្រោះតែទីផ្សារសិល្បៈរបស់នាង កំពុងតែត្រូវប៉ាន់ ដោយសារមានផលិតករទាក់ទងមកជាហូរហែ។

តារាសម្ដែងសិចស៊ី អូន បរម៉ី និយាយថា «សូមបងប្អូនអ្នកគាំទ្រ កុំមានការភ័ន្តច្រឡំទៅលើប្រការណាមួយ ដែលខ្ញុំបានអវត្តមានពីការងារសិល្បៈ។ ខ្ញុំពិតជាអរគុណជាខ្លាំងណាស់ ក្នុងការដែលមហាជនព្រួយបារម្ភ និងយកចិត្តទុកដាក់ពីសុខទុក្ខរបស់ខ្ញុំ ជាពិសេសអ្នកដែលគាំទ្រខ្ញុំយ៉ាងពេញលំហឹង..! នៅពេលខ្ញុំជាសះស្បើយពេលណា ខ្ញុំនឹងបន្តការងារក្នុងវិស័យសិល្បៈឡើងវិញ មិនធ្វើឲ្យទស្សនិកជន ជាពិសេសហ្វេនៗ និងម្ចាស់ស្ព័នស័រ ខកបំណងនោះទេ..!»

សម្រាប់បច្ចុប្បន្ននេះ តារាសម្ដែងល្បី អូន បរម៉ី បានបញ្ជាក់ឲ្យដឹងបន្ថែមថា នាងសូមសម្រាកមួយរយៈពីការងារសិល្បៈ ឬការងារផ្សេងៗ ដែលទទួលការផ្សព្វផ្សាយនានា ដោយសារនាងមានជំងឺត្រូវសម្រាកព្យាបាល ជាបន្ទាន់នៅមន្ទីរពេទ្យ (ជំងឺសន្លាក់) អាស្រ័យដូចបានប្រកាសខាងលើ សូមទស្សនិកជនជាពិសេសហ្វេនៗ ដែលជាអ្នកគាំទ្រនាងយ៉ាងពេញទំហឹងនោះ និងក៏ដូចជាម្ចាស់ពាណិជ្ជកម្មនានា មេត្តាយោគយល់អធ្យាស្រ័យ និងបើកឱកាសឲ្យនាងបានសម្រាកព្យាបាលជំងឺគ្រប់គ្រាន់ រហូតបានជាសះស្បើយ។

យ៉ាងណាមិញ​តារាសម្ដែង អូន បរម៉ី មិនបានបញ្ជាក់ថា នាងត្រូវទៅព្យាបាលនៅក្រៅប្រទេស ឬក្នុងប្រទេសនោះទេ ក៏ប៉ុន្តែស្ថានភាពជំងឺប្លែកបែបនេះ គឺត្រូវការការព្យាបាលបន្ទាន់ ដោយមិនបណ្ដែតបណ្ដោយទុកយូរបានឡើយ។ ទោះជាយ៉ាងណា មហាជនបានជូនពរឲ្យស្ថានភាពជំងឺរបស់នាង ឆាប់បានធូរស្បើយ ដើម្បីមានឱកាសមកបម្រើក្នុងវិស័យសិល្បៈឡើងវិញ ក្នុងពេលឆាប់ៗខាងមុខនេះ៕