(ភ្នំពេញ)៖ ទោះបីក្រុមបាល់ទាត់ព្រៃវែងអេហ្វស៊ី គឺជាក្រុមក្មេងខ្ចី ទើបឡើងមកលីគកំពូលកម្ពុជា និងសម្បូរកីឡាករវ័យក្មេង តែគ្រូបង្វឹកក្រុមការពារតំណែងជើងឯកភ្នំពេញក្រោន លោក Oleg Starynskyi បានចាត់ទុកជំនួបរវាងក្រុមទាំងពីរ គឺមិនងាយស្រួលឡើយ ហើយនឹងក្លាយជាការប្រកួតលំបាកមួយ សម្រាប់ក្រុមខ្លួនទៀតផង។

គ្រូបង្វឹកជនជាតិអ៊ុយក្រែនរូបនេះ បានគូសបញ្ជាក់ក្នុងសន្និសីទមុនការប្រកួតថា «ព្រៃវែងគឺជាក្រុមខ្លាំងមួយ ហើយពួកគេតែងតែរកគ្រាប់បាល់បាននៅចុងម៉ោង។ ពួកគេមានចរិតលក្ខណៈល្អ ហើយសម្បូរកីឡាករក្មេងៗ ដូច្នេះយើងរំពឹងថាវាគឺជាការប្រកួតដែលលំបាកមួយ។ ពួកគេមានសមត្ថភាពក្នុងការប្រជែងយកបាល់ពីក្រោយខ្នង ហើយដាក់សម្ពាធខ្លាំងផងដែរ។ ពួកគេក៏ល្អក្នុងការលេងវាយបកដែរ»

យ៉ាងណាក្ដីគ្រូបង្វឹកក្រុមកំពុងធ្វើបានល្អទាំងក្នុងលីគ និងពាន AFC Cup 2023/24 រូបនេះ នៅតែមានសុទិដ្ឋិនិយមចំពោះក្រុមខ្លួន។ លោកថា «សម្រាប់យើង គឺជាការប្រកួតសំខាន់ក្នុងការលេងដោយគ្មានសម្ពាធ ហើយបន្តតាមរបៀបរបស់យើង។ កីឡាកររបស់យើងមួយចំនួនបានត្រឡប់មកពីក្រុមជម្រើសជាតិវិញ ពួកគេមានការធ្វើដំណើរវែងឆ្ងាយ។ ពួកគេលេង ២ប្រកួតជាមួយក្រុមជម្រើសជាតិ ដូច្នេះពួកគេមិនទាន់មានពេលវេលាសម្រាកគ្រប់គ្រាន់ទេ។ វាជារឿងលំបាកសម្រាប់ពួកគេ ក្នុងការប្រកួតជាមួយក្រុមព្រៃវែង។ យើងមានក្រុមដែលល្អ ដែលកីឡាករយើងអាចជំនួសគ្នាលេងបាន នេះគឺជារឿងវិជ្ជមានមួយសម្រាប់ពួកយើង»

គួរដឹងថា ភ្នំពេញក្រោន នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមទើបឡើងមកពីលីគទី២ ព្រៃវែងអេហ្វស៊ី នាល្ងាចថ្ងៃទី២១ ខែតុលានេះ ក្នុងសប្ដាហ៍ទី៨ នៃលីគកំពូលកម្ពុជា (CPL) រដូវកាលឆ្នាំ២០២៣-២៤។ បច្ចុប្បន្នភ្នំពេញក្រោន កំពុងឈរលេខ២ ក្នុងតារាងពិន្ទុ ដោយមាន ១៨ពិន្ទុ ចាញ់ប្រៀបក្រុមព្រះខ័នរាជស្វាយរៀង ដែលមាន ២១ពិន្ទុ ខណៈក្រុមព្រៃវែងកំពុងឈរលេខ៦ និងមាន ១០ពិន្ទុស្មើក្រុមឈរលេខ៥ កងយោធពលខេមរភូមិន្ទ៕