(បរទេស)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់អន្តរជាតិ FIFA បានសម្រេចបញ្ឈរជើងកីឡាករ Papu Gomez រយៈពេល ២ឆ្នាំ ក្រោយពិនិត្យឃើញមានសារធាតុហាមឃាត់ ប្រភេទ Terbutaline។

តាមរយៈការចេញផ្សាយដោយគេហទំព័រកីឡា BBC បានឲ្យដឹងថា សមាជិកឈ្នះជើងឯក World Cup 2022 ជាមួយអាហ្សង់ទីនខាងលើនេះ ត្រូវបានរកឃើញសំណាកគំរូសារធាតុហាមឃាត់ កាលពីអំឡុងលេងឲ្យក្លិបអេស្ប៉ាញ Sevilla នាខែតុលា ឆ្នាំ២០២២ ដ្បិតកីឡាករវ័យ ៣៥ឆ្នាំរូបនេះ ទើបតែបង្ហាញខ្លួនបាន ២ប្រកួតរដូវកាលនេះ ក្រោយផ្ទេរមកចូលរួមជាមួយ Monza នាខែសីហា។

ខ្សែបម្រើប្រយុទ្ធ Gomez ក៏បានចូលលេង ២ប្រកួតផងដែរជាមួយអាហ្សង់ទីន ក្នុងចំណោម ៧ប្រកួតសរុបឈ្នះជើងឯក World Cup កាលខែធ្នូនៅប្រទេសកាតា។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្លិប Monza បានបញ្ជាក់ថា «FIFA បានកត់សម្គាល់ពីបេសកកម្មលុបបំបាត់ការប្រើប្រាស់សារធាតុញៀនក្នុងកីឡារបស់សហព័ន្ធបាល់ទាត់អេស្ប៉ាញ តាមរយៈការដាក់ទណ្ឌកម្មទៅលើ Gomez នាពេលនេះដែរ»។

យ៉ាងណាក៏ដោយ សារធាតុ Terbutaline ត្រូវបានគេប្រើប្រាស់ ដើម្បីការពារចំពោះអ្នកជំងឺដែលមានជំងឺហឺត រលាកទងសួត ស្ទះសួត និងជំងឺសួតផ្សេងទៀត៕