(លីវើភូល)៖ អ្នកចាត់ការទូទៅក្លិបហង្សក្រហម Liverpool គឹ Jurgen Klopp បានថ្លែងប្រាប់ BBC ថា ខ្សែការពារ Andrew Robertson ត្រូវការវះកាត់ស្មារបស់លោក ដែលទទួលរងរបួសកាលជួយជម្រើសជាតិស្កុតឡេន លេងជម្រុះពានអឺរ៉ុប Euro 2024។

នេះមានន័យថា ប្រធានក្រុមជម្រើសជាតិស្កុតឡេនខាងលើនេះ នឹងអវត្តមានពេល Liverpool ប៉ះ Everton ក្នុងលីគ Premier League រាត្រីថ្ងៃសៅរ៍នេះ ប្រចាំសប្តាហ៍ទី៩ នៃជើងទី១។

អ្នកចាត់ការទូទៅសញ្ជាតិអាល្លឺម៉ង់ Klopp បានគូសបញ្ជាក់ថា «ការសម្រេចចិត្តវះកាត់ ពួកយើងត្រូវតែធ្វើឡើងជាចាំបាច់។ នោះមានន័យថា គាត់នឹងអវត្តមានពីទីលាន ដោយពុំអាចកំណត់រយៈពេលបានផងដែរ»

នៅចាំបានថា ក្នុងប្រកួតជម្រុះ Euro 2024 កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ Andrew Robertson បានប៉ះទង្គិចគ្នា ជាមួយអ្នកចាំទី Unai Simon របស់អេស្ប៉ាញ ដែលធ្វើឲ្យខ្សែការពារស្លាបឆ្វេងរូបនេះមានការឈឺចាប់ត្រង់ស្មា និងត្រូវបង្ខំចិត្តប្តូរចេញផងដែរនៅចុងវគ្គទី១។

កន្លែងរបស់ Robertson ដែលទើបចូលលេងបាន ៨ប្រកួតក្នុងលីគឲ្យហង្សក្រហមនារដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន ១គ្រាប់ផងនោះ នឹងត្រូវជំនួសដោយកីឡាករសញ្ជាតិក្រិច Kostas Tsimikas៕